UN៖ ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងធ្វើសំណើថ្មីរបស់ខ្លួនដើម្បីវាយតម្លៃសុវត្ថិភាព និងសន្តិសុខនៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ដែលរុស្ស៊ី និងអ៊ុយក្រែនចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងនៅបរិវេណរោងចក្រនេះ។

សកម្មភាពយោធាបានបង្កឱ្យមានការព្រមាន អំពីមហន្តរាយនុយក្លេអ៊ែរដែលអាចកើតមាន។ ប្រធានគោលនយោបាយរបស់អង្គការសហប្រជាជាតិលោកស្រី Rosemary DiCarlo បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានស្នើសុំឱ្យបញ្ជូនបេសកកម្មទីភ្នាក់ងារ (IAEA) ទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia។ លោកស្រីបាននិយាយថា ការរៀបចំកំពុងដំណើរការ ហើយបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលបង្ហាញពីការគាំទ្រសម្រាប់បេសកកម្ម ទីភ្នាក់ងារ IAEA ទៅកាន់រោងចក្រនេះ។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាថា ចាប់តាំងពីកិច្ចប្រជុំចុងក្រោយស្តីពីប្រតិបត្តិការនៅ Zaporizhzhia ប្រហែលពីរសប្តាហ៍មុនស្ថានភាពសុវត្ថិភាពនុយក្លេអ៊ែរកាន់តែធ្ងន់ធ្ងរថែមទៀត។
លោកនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបន្តបាញ់ផ្លោង មកលើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ និងនៅទីប្រជុំជន Enerhodar ជារៀងរាល់ថ្ងៃ ហើយនេះបង្កើតហានិភ័យពិតប្រាកដនៃគ្រោះថ្នាក់វិទ្យុសកម្ម។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសហគមន៍អន្តរជាតិឱ្យចេញឱសានវាទដល់រុស្ស៊ី ដើម្បីដកកងទ័ពរបស់ខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរជាតិ ស្តីពីតំបន់គ្រីមៀដែលបានធ្វើឡើងនៅទីក្រុងគីវ លោក Zelenskyy បាននិយាយថា វត្តមានយោធារុស្ស៊ីដែលកំពុងបន្តនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia គឺជាគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ហើយទាហានមិនបានយល់ដឹងច្បាស់អំពីបញ្ហាថាមពលនុយក្លេអ៊ែរឡើយ៕
អត្ថបទ៖ ប៊ុនថន