អ៊ីរ៉ង់៖ មន្ត្រីអ៊ីរ៉ង់មួយរូបបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យមានការត្រួតពិនិត្យនុយក្លេអ៊ែរណាមួយ ហួសពីអ្វីដែលបានព្រមព្រៀងគ្នាក្នុងការរៀបចំកាលពីឆ្នាំ២០១៥ ជាមួយសហរដ្ឋអាមេរិកឡើយ។

យោងតាមវីដេអូចេញផ្សាយដោយសារព័ត៌មានរដ្ឋ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់បាននិយាយថា យើងត្រូវបានប្ដេជ្ញាចិត្តឲ្យមានការត្រួតពិនិត្យក្នុងគ្របខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានជាប់ពាក់ព័ន្ធនឹងការរឹតត្បិតការផលិតនុយក្លេអ៊ែរ ដែលយើងបានទទួលយកកាលពីកន្លងទៅ ម៉ាត់ណា ម៉ាត់នឹង។ សេចក្ដីថ្លែងការណ៍របស់លោក Eslami ទំនងជាបដិសេធទៅនឹងរបាយការណ៍កាលពីដើមសប្ដាហ៍នេះដែលថា អ៊ីរ៉ង់បានទម្លាក់ចោលការទាមទារសំខាន់ៗរបស់ខ្លួនមួយចំនួន។
របាយការណ៍ទាំងនោះបានលើកឡើងថា ទីក្រុងតេអេរ៉ង់កំពុងបន្ធូរបន្ថយភាពរឹងរូសរបស់ខ្លួន ដែលក្រុមអធិការកិច្ចអន្តរជាតិបិទការស៊ើបអង្កេតមួយចំនួននៃកម្មវិធីអាតូមិរបស់ខ្លួន ដែលធ្វើឲ្យជិតសម្រេចបានកិច្ចព្រមព្រៀង។ ទីក្រុង Washington មានបំណងឆ្លើយតបក្នុងពេលឆាប់ៗនេះ ទៅនឹងពង្រាងកិច្ចព្រមព្រៀងដែលបានស្នើឡើងដោយសហភាពអឺរ៉ុប ដែលនឹងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់ ដែលអតីតប្រធានាធិបតី Donald Trump បានលុបចោល ហើយប្រធានាធិបតីបច្ចុប្បន្នគឺលោក Joe Biden បានព្យាយាមស្រោចស្រង់ឡើងវិញ៕
អត្ថបទ៖ សុខមាន