ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់នូវប្រព័ន្ធធានារាស្ត្រតូច មធ្យម និងធំជាច្រើនកន្លែង នៅទូទាំងប្រទេស ដោយប្រព័ន្ធស្រោចស្រពទាំងអស់នោះ មានលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកលើវិស័យកសិកម្ម បានប្រមាណ ៦១ភាគរយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួង មានប្រសាសន៍ថា កម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍ និងការអនុវត្តន៍ផែនការគ្រប់គ្រងធនធានទឹកចម្រុះ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកបានគ្រាប់គ្រាន់ តាមតម្រូវការ កាត់បន្ថយជាអតិបរិមានូវហានិភ័យ បណ្ដាលពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងធានាសន្តិសុខទឹករយៈពេលវែង ក្រសួងបានអនុវត្ត និងសម្រេចបាននុវសមិទ្ធផលសំខាន់ៗយ៉ាងច្រើនគូជាទីមោទនៈភាព ។
ឯកឧត្តម បានបន្តថា ដោយរហូតមកដល់ពេលនេះ នៅកម្ពុជាមានប្រព័ន្ធធារាសាស្ត្រជាច្រើន សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងនោះមានទំនប់ទឹកធំៗ ក៏បានត្រូវសាងសង់ឡើងនៅតាមបណ្ដាខេត្តមួយចំនួន មាននៅខេត្តបាត់ដំបង ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងនៅខេត្តកំពង់ស្ពឺជាដើម ដោយប្រភពទឹកកទាំងអស់នោះ អាចស្រោចស្របដំណាំកសិកម្ម បានជាង ១លាន ៨សែនហិកតា ដែលស្មើនឹង ៦១ភាគរយ នៃផ្ទៃដីដាំដុះ ។
ឯកឧត្តម បានបន្ថែមថា សម្រាប់ការអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា គឺមានការប៉ះពាល់តិចតួចបំផុត ហើយរាជរដ្ឋាភិបាលក៏បានធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋដែលប៉ះពាល់ ខណៈប្រព័ន្ធស្រោចស្របទាំងអស់នោះ មានផលប្រយោជន៍ជួយលើកស្ទួយវិស័យសេដ្ឋកិច្ចនៅកម្ពុជា បានធំធេងណាស់ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាគោលដៅបន្ត ក្រសួងគ្រប់គ្រងធនធានទឹកឲ្យបានល្អប្រសើរ ទាំងនៅពេលមានទឹកជំនន់ និងពេលជួបគ្រោះរាំងស្ងួត, បន្តអភិវឌ្ឍទំនប់អាងស្ដុកទឹកនៅតាមបណ្ដាស្ទឹងសំខាន់ ដែលមានសក្ដានុពល, បន្តពង្រឹងការគ្រប់គ្រងទឹក ការប្រើប្រាស់ និងការថែទាំសំណង់ការងារទឹក ប្រកបដោយប្រសិទ្ធផាពខ្ពស់ និងមាននិរន្តភាព ៕
អត្ថបទ៖ បាន សុខរិទ្ធិ