ប្រណាំងកង់៖ កីឡាករអូស្ត្រាលី Jay Vine បានប្រជែងឈ្នះដំណាក់កាលទី៦ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅប្រទេសអេស្ប៉ាញ ស្របពេលអ្នកនាំមុខរួមនៅពេលនេះគឺកីឡាករប៊ែលហ្ស៊ិក Remco Evenepoel។

ដំណាក់កាលទី៦ ដែលមានចំងាយផ្លូវ ១៨០គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Alpecin-Deceuninck វ័យ ២៦ឆ្នាំ Jay Vine បានតាមទាន់កីឡាករអ៊ុយក្រែន Mark Padun នៅចំនុចផ្លូវដែលកំពុងមានភ្លៀងធ្លាក់ និងព្យាយាមប្រើល្បឿនខ្លួននៅចំនុចចុងក្រោយដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣៨នាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Remco Evenepoel យឺតជាង ១៥វិនាទី និងលេខ៣ កីឡាករអេស្ប៉ាញ Enric Mas យឺតជាង ១៦វិនាទី។
ចំណែកឯអ្នកការពារតំណែងជើងឯកស្លូវេនី Primoz Roglic បានត្រឹមចំណាត់ថ្នាក់លេខ៥ ប៉ុណ្ណោះ។ យ៉ាងណាក្តីក្រោយដំណាក់កាលទី៦ នេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel របស់ក្រុម Quick-Step Alpha Vinyl បានឡើងមកនាំមុខគេក្នុងតារាងរួមជាលើកដំបូងក្នុងអាជីព ដោយមានវេលាចំណេញលើអ្នកលេខ២ កីឡាករបារាំង Rudy Molard ២១វិនាទី និងលេខ៣ Enric Mas យឺតជាង ២៨វិនាទី។ សំរាប់ដំណាក់កាលទី៧ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៩០.១គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ