ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មកចាក់វ៉ាក់សាំងដូសជំរុញ ខណៈអ្នកមកចាក់វ៉ាក់សាំងមានការថយចុះ។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ១ថ្ងៃមានប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៥ បានចំនួនជាង៣០០០នាក់ក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពរបស់ក្រុមការងារគ្រូពេទ្យមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងបានចំនួនរហូតដល់១២០០០នាក់ ទៅជាង១៥០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែពួកគាត់មកចាក់វ៉ាក់សាំងមានចំនួនថយចុះ បានតែចំនួនជាង ៣០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្រោយ៣ខែរួច សូមបន្តមកចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។ នេះជាការថ្លែងរបស់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ។
បើតាមលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រង វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នាឱកាសអញ្ជើញទទួល ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទPfizer សម្រាប់ចាក់ជូនកុមារ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ថា៖ គិតមកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង៧៤លានដូស ហើយនៅសល់ក្នុងឃ្លាំងចំនួនជាង៧លានដូស៕អត្ថបទ រដ្ឋា