ភ្នំពេញ៖ ភោគជនីយដ្ឋានសាយហ្គន(SaiGon Rest Stop) បានចាប់ផ្តើមលក់នៅក្នុងរាជធានីភ្នំពេញឡើងវិញហើយ បន្ទាប់ពីបិទអស់មួយរយៈដោយសារបញ្ហាកូវីដ-១៩ ខណៈបើកដំណើរការឡើងវិញនេះនាំមកនូវម្ហូបអាហារគ្រប់មុខ ទាំងអាហារបែបខ្មែរ វៀតណាម និងអាហារបែបអឺរ៉ុប សម្រាប់បំរើដល់អតិថិជនទាំងជាតិ និងអន្តរជាតិចាប់ពីព្រឹករហូតដល់យប់។
ភោគជនីយដ្ឋានសាយហ្គន ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយមានលក់នូវម្ហូបអាហារពិសេសប្រចាំហាង ដូចជាស៊ុបត្រីក្រហម ស៊ុមកាកែវ ត្រីធួណា និងម្ហូបពិសេសៗ ជាច្រើនទៀត ដែលភ្ញៀវអាចកម្មង់បានតាមរយៈទូរស័ព្ទ និងAppផ្សេងៗ ខណៈមុខម្ហូបទាំងនោះធ្វើឡើងដោយចុងភៅខ្មែរ និងវៀតណាម។
អ្នកស្រី ប៊ុន សុគន្ធា ដែលជាម្ចាស់ភោគជនីយដ្ឋានសាយហ្គន បានបញ្ជាក់ថា ភោគជនីយដ្ឋាននេះបានចាប់ផ្តើមបើកនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ប៉ុន្តែត្រូវបានបិទមួយរយៈដោយសារការរីករាលដាលសកល នៃមេរោគកូវីដ-១៩។ ប៉ុន្តែការបើកឡើងវិញនេះនឹងមានម្ហូបពិសេសកាន់តែច្រើនជាងមុនទៅទៀតទាំងម្ហូបខ្មែរ វៀតណាម និងម្ហូបបែបប្រទេសជាច្រើនទៀត។
អ្នកស្រីគន្ធា បានលើកឡើងទៀតថា ការដែលអ្នកស្រីសម្រេចបើកអាជីវកម្មនៅក្នុងរាជធានីភ្នំពេញនេះ គឺដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការរីកចំរើនជាបន្តបន្ទាប់ ហើយម្យ៉ាងវិញទៀតប្រជាពលរដ្ឋមានជីវភាពធូរធា មានភ្ញៀវបរទេសមកទស្សនកិច្ចកាន់តែច្រើន ហើយភ្ញៀវទាំងនោះនឹងចង់ដឹងចង់ភ្លក់នូវរស់ជាតិម្ហូបប្លែកៗ ដែលហាងសាយហ្គនមានទាំងអស់នោះ។ អ្នកស្រីម្ចាស់ហាងបានបញ្ជាក់បន្ថែមទៀតថា ភោគជនីយដ្ឋានសាយហ្គន បានរចនាតុបតែងយ៉ាងស្អាត មានអនាម័យល្អ សេវាកម្ម លឿនឆាប់រហ័សទាន់ចិត្ត និងមានតម្លៃសមរម្យផងដែរ។
ក្រៅពីបើកនូវភោជនីដ្ឋានសាយហ្គននេះ ក៏មានហាងទំនើបលក់គ្រឿបឧបភោគ បរិភោគជាច្រើនផងដែរ ដែលសម្ភារៈទាំងនោះបានធ្វើនៅប្រទេសកម្ពុជាំ នាំមកពីប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត នៅលើសកលលោក៕ អត្ថបទ៖ បាន ចក់




