
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក នៃ គង់ អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (CMAC) មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក/ក្រុង និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តចំនួន៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។ ដោយឡែក ដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា ១១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២១ ចម្ការមីន ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងទទួលបានស្នាមញញឹមគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវបន្តការគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងកំទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា។
ឯកឧត្តមបន្តលើកឡើងថា ការងារបោសសម្អាតមីន គឹជាការងារត្រូវការពេលវេលាច្រើន និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជម្រុញឲ្យដំណើរការនៃការបោសសម្អាតមីន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលជាមួយសហគមន៍ផ្តល់ជំនួយ និងប្រទេសជាមិត្ត ដើម្បីជម្រុញឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងមានភារកិច្ចរៀបចំគោលនយោបាយ និងផែនការអាទិភាព ឆ្ពោះទៅរកកម្ពុជាអស់មីននៅឆ្នាំ២០២៥ ហើយដើម្បីឲ្យកម្ពុជាអស់មីន កម្ពុជាត្រូវការជាចាំបាច់នូវថវិកាគាំទ្រ សម្ភារៈ និងធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន រយៈពេល៣០ឆ្នាំមកនេះ៕







