ភ្នំពេញ៖ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកជំទាវ អេលីហ្សាបេត វេន ដាញ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់បានលើកឡើងយ៉ាងដូច្នេះ ខណៈលោកជំទាវ និងគណ:ប្រតិភូត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។
ជាមួយនឹងការថ្លែងសរសើរដោយស្មោះចំពោះការដឹកនាំរបស់សម្តេចតេជោ លោកជំទាវ ក៏បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
ជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនលោកជំទាវព្រមទាំងប្រតិភូទាំងមូលអំពីប្រវត្តិរបស់កម្ពុជាក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ហើយសម្ដេចក៏បានឯកភាពជាមួយលោកជំទាវអាលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ ក្តាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង៕