ភ្នំពេញ៖ ប្រព័ន្ធធារាសាស្ត្រនៅខេត្តពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នខេត្តមួយនេះ មានប្រព័ន្ធស្រោចស្រព ចំនួនជាង ៥០កន្លែង ធ្វើឱ្យមានការដីដាំដុះដំណាំស្រូវ កើនដល់ជាង ១១ម៉ឺនហិកតា ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការបង្កបង្កើតដំណាំស្រូវ នៅខេត្តពោធិ៍សាត់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកាលពីមុនការធ្វើស្រូវប្រាំង គឺអាចធ្វើតែប្រភេទស្រូវប្រដេញទឹក មានត្រឹមជាង ៤០០ហិកតា ក្នុងមួយឆ្នាំ តែបច្ចុប្បន្នបានកើនដល់ជាង ៣ម៉ឺនហិកតា ហើយស្រូវវស្សាកើនដល់ជាង ១១ម៉ឺនហិកតា ។
លោក បានបន្តថា ការកើននៃការដាំដុះដំណាំស្រូវនេះ គឺដោយសារមានការអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រតូចធំ រួមទាំងអាងស្តុកទឹកផងដែរ សរុបចំនួន ៥១កន្លែង ហើយប្រព័ន្ធធារាសាស្ត្រធំៗ មានដូចជាទំនប់ដំណាក់សុក្រម តំបន់ដំណាក់អំពិល ទំនប់ក្បាលហុងចារឹកជាដើម ។
លោក កែវ វ័យ បានបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រនេះ អាជ្ញាធរខេត្តក៏បានបង្កើតនូវសហគមន៍គ្រប់គ្រងទឹក ដើម្បីប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ។ ការទាញយកទឹកមកស្រោចស្របដំណាំស្រូវនេះទៀតសោត ពីមុនប្រឡាយមេនៅឆ្ងាយ កសិករត្រូវបូមទឹកចម្ងាយពី ១០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ដាក់ស្រូវ ប៉ុន្តែបច្ចុប្បន្ន គឺក្រសួងធនធានទឹកបានអភិវឌ្ឍន៍ធ្វើប្រឡាយជើងក្អែប អាចបង្ហូរទឹកតាមប្រឡាយនេះ ដែលបានជួយកាត់បន្ថយនូវការចំណាយ នៃការបង្កបង្កើតផលរបស់ពលរដ្ឋផងដែរ ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រសួងគ្រោងបន្តអភិវឌ្ឍន៍នូវប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងទៀត ក៏ដូចជាស្ដារប្រឡាយ ព្រែកចាស់ៗ ដើម្បីស្ដុកទឹកឲ្យពលរដ្ឋប្រើប្រាស់ និងជួយបញ្ចៀសការជន់លិចនៅក្នុងទីក្រុង ឬតំបន់មួយចំនួនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

