បាល់ទាត់៖ ក្រុម FC Barcelona រកបានជ័យជំនះពីរប្រកួតផ្ទួនៗបន្ទាប់ពីយកឈ្នះ Valladolid ៤-០ ដោយគ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះរកបានគ្រាប់នាំមុខដំបូងនៅនាទីទី២៤ មុនពេលដែល Pedri បន្ថែមការនាំមុខ ២-០ មុនចប់វគ្គទី១។ ឈានចូលវគ្គទី២ អតីតខ្សែប្រយុទ្ធ Bayern Munich រូបនេះក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី៦៤ មុនខណៈមួយគ្រាប់ចុងក្រោយធ្វើបានដោយ Sergio Roberto។ នេះជាជ័យជំនះ ២ប្រកួតជាប់គ្នាសំរាប់ក្រុមលោក Xavi Hernandez ដើម្បីឈរលេខ៣ ក្នុងតារាងមាន ៧ពិន្ទុ។

ងាកមកក្រុមការពារតំណែងជើងឯក Real Madrid វិញរកបានគ្រាប់ជ័យជំនះចុងម៉ោងលើម្ចាស់ផ្ទះ Espanyol ៣-១។ Vinicius Junior បើកការនាំមុខឱ្យ Real Madrid តាំងពីនាទីទី១២ តែម្ចាស់ផ្ទះ Espnayol តាមស្មើវិញនៅនាទីទី៤៣ ដោយ Joselu។ ហៀបនឹងចប់ទៅហើយជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA, Karim Benzema ក៏រកបានគ្រាប់ជ័យជំនះឱ្យ Real Madrid នៅនាទីទី៨៨ ហើយក៏រកបានមួយគ្រាប់ទៀតនៅម៉ោងបន្ថែមបង្គ្រប់ ៩០+១០។ នេះជាគ្រាប់បាល់ទី ៣២៧ ហើយសំរាប់ Karim Benzema នៅ Real Madrid។ បីប្រកួតរដូវកាលថ្មី Real Madrid ឈ្នះទាំងបីប្រកួតឈរលើគេមាន ៩ពិន្ទុពេញស្មើគ្នាជាមួយក្រុមលេខ២ Real Betis មាន ៩ពិន្ទុដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ