រុស្ស៊ី៖ កាលពីថ្ងៃចន្ទវិមានក្រឹមឡាំងបានអំពាវនាវ ដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធលើអ៊ុយក្រែន ដើម្បីកាត់បន្ថយភាពតានតឹងខាងយោធានៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយចោទទីក្រុង Kyiv ពីបទបង្កគ្រោះថ្នាក់ដល់អឺរ៉ុប មុនដំណើរទស្សនកិច្ចទៅកាន់រោងចក្រនេះ ដោយទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិហៅកាត់ថា (IAEA) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងពិនិត្យរោងចក្រនេះនៅសប្ដាហ៍នេះ ហើយថា ក្រុមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកំពុងធ្វើដំណើរទៅកាន់រោងចក្រនេះ ដែលក្លាយជាក្ដីបារម្ភដ៏ធំរបស់អន្តរជាតិ ស្របពេលអ៊ុយក្រែន និងរុស្ស៊ីចោទដាក់គ្នាជុំវិញការបង្កអសុវត្ថិភាពរបស់រោងចក្រនេះ។ រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបមួយនេះ ត្រូវបានដំណើរការដោយក្រុមបុគ្គលិកអ៊ុយក្រែន និងបានតភ្ជាប់បណ្ដាញអគ្គិសនីរបស់អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងរោងចក្រនេះកាលពីដើមខែមីនា ជាផ្នែកមួយដែលក្រុង Moscow បានហៅថាជាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។
ទាំងរុស្ស៊ី ទាំងអ៊ុយក្រែនបានច្រានចោលការបាញ់ផ្លោងនៅរោងចក្រ Zaporizhzhia ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈដែលភាគីទាំង២ បានចោទដាក់គ្នាពីការបាញ់ផ្លោងលើរោងចក្រនេះ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទ ជាមួយក្រុមអ្នកសារព័ត៌មាននៅពេលសួរថា តើទីក្រុង Moscow នឹងមើលឃើញអ្វីខ្លះ ដើម្បីបន្ធូរបន្ថយស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរនេះ ថាសម្ពាធលើភាគីអ៊ុយក្រែន ដើម្បីបញ្ឈប់ការបាញ់ផ្លោងអាចកាត់បន្ថយភាពតានតឹងខាងយោធា។ លោកបានបន្ថែមថា ប្រទេសទាំងអស់មានកាតព្វកិច្ចក្នុងការដាក់សម្ពាធលើអ៊ុយក្រែន ដូច្នេះទើបបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់ទ្វីបអឺរ៉ុបបាន៕
អត្ថបទ៖ សុខមាន