អង់គ្លេស៖ ទីក្រុងឡុងដ៍បានផ្ដល់កញ្ចប់ជំនួយផ្នែកយោធាដល់ទីក្រុង Kiev ជាង ២.៣ពាន់លានផោន ឬស្មើ ២.៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែប្រភពមួយចេញពីក្រសួងការពារជាតិបានទទួលស្គាល់ថា ការឧបត្ថម្ភខាងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសចំពោះការតស៊ូទប់ទល់សង្គ្រាមនេះ នឹងត្រូវអស់នៅត្រឹមដំណាច់ឆ្នាំ២០២២ នេះ។

លោកនាយករដ្ឋមន្ត្រី Boris Johnson ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុង Kiev អំឡុងថ្ងៃទិវាឯករាជ្យអ៊ុយក្រែន បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដោយមានទំហំទឹកប្រាក់ ៥៤លានផោន ឬស្មើ ៦៣លានដុល្លារអាមេរិក និងបានសន្យាជួយគាំទ្រខាងយោធារបស់ទីក្រុង Kiev ទោះបីជាត្រូវការពេលវេលាយូរបន្តិចក៏ដោយ។ ស្របពេលការស្វែងរកមេដឹកនាំថ្មីដែលអូសបន្លាយពេលយូរ អតិផរណាហក់ឡើងខ្ពស់ និងតម្លៃថាមពលកើនឡើងខ្លាំង ការគាំទ្រសម្រាប់ការដាក់ទណ្ឌកម្មពីសំណាក់ចក្រភពអង់គ្លេសទៅលើរុស្ស៊ីកំពុងធ្លាក់ចុះ ដោយការស្ទង់មតិមួយរបស់ក្រុមហ៊ុន YouGov នៃចក្រភពអង់គ្លេសកាលពីខែមីនាបានបង្ហាញថា ពលរដ្ឋអង់គ្លេសប្រមាណ ៤៨% បានគាំទ្រឲ្យបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ទោះបីជាសម្ពាធទណ្ឌកម្មនេះបានរុញដោលឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ក៏ដោយ។ កាលពីខែមិថុនាការគាំទ្រនេះបានធ្លាក់ចុះមកនៅត្រឹម ៣៨%៕
អត្ថបទ៖ សុខមាន