ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស​ក្នុងរាជធានី​ភ្នំពេញចំនួន០២ បន្ថែមទៀត

2022/08/31 05:31:22 pm        552

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែម​ទៀត​ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់សម្ដេចតេជោ ហ៊ុន​ សែន​៖

- សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសចំនួន២ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាប​នានៅ​ព្រឹកនេះ គឺទី១ ស្ពានអាកាសព្រះមុនីវង្ស(ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ-២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ) និងទី២ ស្ពានអាកាស គង់ សំអុល(ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ)

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរបស់កម្ពុជា ដែលខ្វះខាតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ តែពេលនេះ កម្ពុជាកំពុងបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគមនាគមន៍(ស្ពានអាកាស)។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៧ហើយ រួមទាំងស្ពានអាកាសចំនួន ២ដែលត្រូវសម្ពោធបើកការដ្ឋានស្ថាបនានៅព្រឹកនេះ ដើម្បីបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ(កាត់បន្ថយការកកស្ទះ) និងជាសោភ័ណភាពរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញកំពុងបន្តគម្រោងស្ថាបនាស្ពានអាកាសជាច្រើនបន្ថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើការរិះគន់របស់ជនមួយចំនួន ដែលចំអកឱ្យសម្តេចប្រឹងអួតស្ពានអាកាសរបស់ខ្លួន ដែលកាលណោះ មានត្រឹមតែមួយប៉ុណ្ណោះ ហើយសម្តេចបានឆ្លើយតបថា «ដោយសារមានតែមួយនឹងហើយបានជាប្រឹងអួត បើមានច្រើនចាំបាច់អួតធ្វើអ្វី...?»

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សមិទ្ធផលធំៗនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសារចំណូលរបស់រដ្ឋកាន់តែមានចំនួនច្រើន និងនយោបាយយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា តំបន់កោះពេជ្យ និងតំបន់ស្ពានជ្រោយចង្វារ បានក្លាយជាកន្លែងពាណិជ្ជកម្មធំៗ និងជាកន្លែងទីប្រជុំអន្តរជាតិធំៗផងដែរ ខណៈកន្លែងទាំងពីរនេះកាលពីមុនសុទ្ធតែព្រៃត្រែង និងតំបន់លិចទឹកនោះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជធានីភ្នំពេញកាន់តែមានទំហំធំឡើងៗ ដោយកាត់ស្រុក និងឃុំមួយចំនួន ចូលមកកាន់រដ្ឋបាលគ្រប់គ្រងរបស់រាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ។ សម្តេចបញ្ជាក់ថា «យើងមិនអាចឱ្យដី និងបឹងក្នុងរាជធានីភ្នំពេញ ក្លាយជាកន្លែងដើមត្រែងយោលនោះទេ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម» ដែលក្រុងនោះ នឹងដាក់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខេត្តកណ្តាល ដែលគម្រោងនេះស្ថិតក្នុងការពិភាក្សានៅឡើយទេ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរក្រុមហ៊ុនអនិកជនខ្មែរ(OCIC)ដែលបានប្រឹងប្រែងយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ដែលគួរឱ្យទុកចិត្តបំផុត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីមុខផ្សារចាស់រាជធានីភ្នំពេញ ទៅត្រើយម្ខាង(សុខា) និងតភ្ជាប់ទៅតំបន់ស្ពានជ្រុំ ដែលសម្តេចសង្ឃឹមថា «មិត្តកូរ៉េ នឹងពិចារពន្លឿនគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ថាបនាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅល្វាឯម និងស្ពានមួយទៀត ពីតំបន់ព្រែកប្រា ទៅផ្លូវជាតិលេខ២ ដែលស្ពានទាំងពីរនេះ អាចអនុវត្តន៍ដោយមិត្តចិន បើមិនមានការប្រែប្រួលលើការចរចាទេ អាចនឹងចាប់ផ្តើមស្ថាបនានៅឆ្នាំក្រោយនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលបានរុញច្រានឱ្យកម្ពុជាឡើង និងចុះ តាមតម្លៃទីផ្សារជាក់ស្តែង។ សម្តេចបញ្ជាក់ថា ពេលនេះស្ថានភាពតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន បើប្រៀបធៀបនឹងប្រទេសដទៃក្បែរខាងកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ទោះបីតំបន់ខ្លះបាត់បង់ព្រៃឈើខ្លះក៏ពិតមែន តែវាបានជំនួសមកវិញដំណាំដំណាំកៅស៊ូ ដូងប្រេង ដំណាំហូបផ្លែ និងសំណាំកសិកម្មផ្សេងៗទៀត។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមធ្វើការអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ដែលពលករខ្មែរបានរត់ចោលការងារដោយសារតែចាញ់បោកគេ ជាពិសេសគឺការចាញ់បោកតាព្រហ្មនេះតែម្តង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យបររទេសផ្តាច់ជំនួយមកខ្មែរ

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងការប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកការឃោសនាអកុសលរបស់បុគ្គល ខឹម វាសនា ដែងតាំងខ្លួនជាព្រះព្រហ្ម និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឈ្លោះបែកបាក់ ខ្វែងគំនិតគ្នាក្នុងគ្រួសាររឿងជឿលោក ខឹម វាសនា សូមសះជាជាមួយគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំរើសអើងអ្នកជឿអបិយជំនឿងទាំងនោះ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តសៀមរាបយករថយន្តកងទ័ពធ្វើការដឹងជញ្ជូនប្រជាពលរដ្ឋដែលបានចាញ់បោក លោក ខឹម វាសនា ឲ្យត្រឡប់ទៅផ្ទះវិញ រួមទាំងផ្តល់អាហារជូនពួកគាត់ឲ្យបានគ្រប់គ្រាន់ផងដែរ

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោក ខឹម វាសនា បើជ្រុលតែហៅប្រជាពលរដ្ឋទៅហើយ សូមចែកដីចំការប្រមាណ១២ហិកតារបស់លោក ឱ្យពួកគាត់រស់នៅទៅនោះផង តែហាមដាច់ខាតទៅកាន់កាប់ទន្ទ្រានដីនៅខាងក្រៅ ដែលអាចប្រឈមមុខនឹងវិធានការច្បាប់។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគោរពស្រលាញ់សម្តេច សូមកុំចូលអន្ទាក់របស់លោក ខឹម វាសនា ដោយសម្តេចបញ្ជាក់ថា «លោក ខឹម វាសនា នឹងបង្កើនការជេរប្រមាថសម្តេចថែមទៀត»។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់ការឃោសនាលោក ខឹម វាសនា សូមចេញមកកាន់មូលដ្ឋានរៀងៗខ្លួនវិញ ព្រោះនៅខាងក្រៅ គ្មានទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិណាមួយទេ ហើយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចាំដឹក និងផ្តល់បាយទឹកពេលត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់លោក ខឹម វាសនា សូមផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់នោះ(ចំការខឹម វាសនា) ដោយសម្តេចមិនរារាំងជំនឿនានារបស់លោក ខឹម វាសនា នោះទេ។ សម្តេចបញ្ជាក់ថា «ប្រជាពលរដ្ឋទៅកន្លែងនោះដោយស្ម័គ្រចិត្ត ក៏សូមឱ្យពួកគាត់ត្រលប់មកវិញដោយស្ម័គ្រចិត្តដូចគ្នា»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសម្តេចគ្មានទំនាស់ផ្ទៃក្នុង ដណ្តើមបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់កម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំដល់ក្រុមអ្នកវិភាគទាំងនោះ សូមកុំយកបញ្ហាសម្រាប់គ្រួសារខ្លួនឯង មកសន្និដ្ឋានសម្រាប់គ្រួសាររបស់អ្នកដទៃ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅកាន់ប្រទេសនានាក្បែរខាងកកម្ពុជា ជាពិសេសទៅប្រទេសវៀតណាម។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានជំរុញដោយផ្ទាល់មាត់ដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញាមួយ ដែលទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងហៅមកផ្តល់យោបល់ អប់រំ ណែនាំ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី, ខេត្ត, ក្រុង ,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។ សម្តេចបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។

- សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ អំពីការបង្កើនអាសនៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីឱ្យបែងចែងគ្នាធ្វើការបម្រើប្រជាពលរដ្ឋ និងតម្រូវការនានាដែលត្រូវដោះស្រាយបន្ទាន់ និងចាំបាច់។ សម្តេចបញ្ជាក់ថា «មិនមែនបង្កើនអាសនៈ ដើម្បីឱ្យលោកឯងលេងអុកជជែកគ្នានោះទេ»។

 

-សង្កថាចប់នៅវេលាមម៉ោង១០ និង៥០នាទី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm