បាល់ទាត់៖ កីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) បានស្ថិតក្នុងបញ្ជីបឋមនៃក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបង់ក្លាដែសនាថ្ងៃទី២២ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រៅពីកីឡាករវ័យ ២៣ឆ្នាំរូបនេះគឺមានកីឡាករ ៣៩រូបផ្សេងទៀតដែលត្រូវបានធ្វើការកោះហៅដូចគ្នា ដើម្បីធ្វើតេស្ដកាយសម្បទាដែលគ្រោងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញាខាងមុខក្នុងនោះមានកីឡាករបឹងកេត ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ភ្នំពេញក្រោន ៥នាក់, អគ្គិសនីកម្ពុជា ៥នាក់, ណាហ្គាវើលដ៏ ៣នាក់, កងយោធពលខេមរភូមិន្ទ ២នាក់ ព្រមទាំងសមាជិកក្រុមគិរីវង់, ព្រៃវែង និងសូលទីឡូអង្គរម្នាក់ៗដូចគ្នា។
សម្រាប់កម្លាំងថ្មីរបស់ក្រុមគោព្រៃកម្ពុជា Nick Taylor បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្របខណ្ឌលីកទី៣ (MSL Next Pro) លើទឹកដីអាមេរិកជាមួយក្លិប Orlando City។ ខ្សែបម្រើ-ប្រយុទ្ធរូបនេះបានកើតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក។ ថ្មីៗមានព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយពីរូបគេ ដែលចាប់អារម្មណ៍មកលេងឲ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា