បាល់ទាត់៖ ខ្សែប្រយុទ្ធន័រវេស Erling Haaland មិនបង្អង់ដៃក្នុងការរកគ្រាប់បាល់ក្នុងអាជីពដំបូងរបស់ខ្លួននៅក្របខណ្ឌកំពូល English Premier League ឡើយ បន្ទាប់ពីរកបានបីគ្រាប់ម្នាក់ឯងពីរប្រកួតជាប់គ្នាស្របពេល Manchester City បំបាក់ក្រុមទិញកីឡាករច្រើន Nottingham Forest ៦-០។

កាលពីថ្ងៃសៅរ៍កីឡាករវ័យ ២២ឆ្នាំរូបនេះក៏រកបានបីគ្រាប់ដែរត្រឹមចន្លោះពេល ១៩នាទីប៉ុណ្ណោះនៅពេល Manchester City វាយបកពីក្រោយ ២គ្រាប់យកឈ្នះ Bournemouth ៤-២។ យប់មិញម្តងទៀតអតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបានបីគ្រាប់ទៀតក្នុងចន្លោះពេល ២៦ រវាងគ្រាប់ទី១ ដល់គ្រាប់ទី៣ របស់ខ្លួនពោលគឺគ្រាប់ទី១ នៅនាទីទី១២, គ្រាប់ទី២ នៅនាទីទី ២៣ និងទីបីនាទីទី៣៨ ខណៈវគ្គទី២ Manchester City បន្ថែមបីគ្រាប់ទៀតដោយ Joao Cancelo និង Julian Alvarez ពីរគ្រាប់ម្នាក់ឯង។ សរុបត្រឹម ៥ប្រកួតរដូវកាលនេះ Erling Haaland រកបានសរុប ៩គ្រាប់ហើយ។ បីពិន្ទុបន្ថែមនេះក្រុមរបស់លោក Pep Guardiola បន្តឈរលេខ២ ក្នុងតារាងមាន ១៣ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Arsenal ២ពិន្ទុ។

Arsenal បន្តស្ថិតិឥតខ្ចោះរបស់ខ្លួនរដូវកាលនេះក្រោយឈ្នះ ៥ប្រកួតជាប់គ្នាបន្ទាប់ពីជ័យជំនះ ២-១ លើ Aston Villa យប់មិញ។ Gabriel Jesus រកបានគ្រាប់ទី៣ របស់ខ្លួនរដូវកាលនេះតែក្រុមភ្ញៀវ Aston Villa តាមស្មើវិញនៅនាទីទី៧៤ ដោយ Douglas Luiz។ Gabriel Martinelli គឺជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Arsenal នៅនាទីទី៧៧ ធ្វើឱ្យក្រុមរបស់លោក Mikel Arteta បន្តកាន់កាប់កំពូលតារាងមាន ១៥ពិន្ទុពេញ។ លទ្ធផលគូផ្សេងទៀតមាន Liverpool យកឈ្នះ Newcastle ២-១, West Ham ១-១ Tottenham Hotspur និង Bournemouth ០-០ Wolverhampton៕
អត្ថបទ៖នាង សុភាវុធ