បាល់ទាត់៖ លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍សមិទ្ធផលថ្មីនៃខេត្តកំពង់ស្ពឺគឺកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការនាពេលឆាប់ៗខាងមុខ។
ការលើកឡើងនេះ បន្ទាប់ពីកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះបានសាងសង់រួចរាល់ និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញាខាងមុខក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពសង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ គ្រូបង្វឹកដដែលបានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះកីឡដ្ឋានខេត្តកំពង់ស្ពឺដែលជាកីឡដ្ឋានដ៏ស្រស់ស្អាត ខណៈក្រោយសម្ពោធរួច ក្លិបគ្រោងរៀបចំការប្រកួតមិត្តភាពមួយចំនួនក្នុងខែកញ្ញានេះ មុនឈានទៅបើកទ្វារទទួលការប្រកួតផ្លូវការជាមួយក្រុមគិរីវង់សុខសែនជ័យមុនគេ នាដើមខែតុលា ឆ្នាំ២០២២ ខាងមុខ។
ជាមួយគ្នាដែរ ប្រធានក្រុមណាហ្គាវើលដ៏កីឡាករ គួច សុកុម្ភៈ ក៏បានលើកឡើងស្រដៀងគ្នាពីទិដ្ឋភាព ក៏ដូចជាសោភ័ណ្ឌកីឡដ្ឋានថ្មីដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ ដោយលោករំពឹងថា វត្តមានកីឡដ្ឋានេះនឹងក្លាយជាកម្លាំងចលកថ្មីទៀត ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ។ គួរដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺបានរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដោយចំណាយថវិកាជាង ៣លានដុល្លារ។ កីឡដ្ឋាននេះប្រើប្រាស់ស្មៅសិប្បនិម្មិត អមជាមួយការសាងសង់អាគារដ្ឋបាល និងកន្លែងអង្គុយទស្សនា ៣,០០០នាក់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ពិសេសគឺមានបង្គោលភ្លើងសម្រាប់បម្រើការប្រកួតពេលយប់បានទៀតផង៕
អត្ថបទ៖ លី ឈុនឡា