បាល់ទាត់៖ Manchester United បានបំពេញរួចរាល់ផ្លូវការក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើប្រេស៊ីល Antony ពី Ajax Amsterdam ក្នុងតម្លៃ ៨២លានផោន រឺ ៩៥លានអឺរ៉ូ។ តម្លៃនៃការផ្ទេរនេះនឹងត្រូវបន្ថែម ៥លានអឺរ៉ូផ្សេងទៀតដែលធ្វើឱ្យ Antony ក្លាយជាកីឡាករថ្លៃបំផុតទី៤ ដែលផ្លាស់មកកាន់ក្របខណ្ឌ English Premier League និងជាកីឡាករទី២ ដែលផ្ទេរមកកាន់ Manchester United ថ្លៃបំផុតបន្ទាប់ពី Paul Pogba តម្លៃ ៨៩លានផោន។

កីឡាករវ័យ ២២ឆ្នាំប្រេស៊ីលរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំដែលនឹងរក្សារូបគេនៅ Old Trafford ដល់ឆ្នាំ២០២៧។ Antony ស៊ុតបញ្ចូលទីបាន ២៥គ្រាប់ ២២បាល់បញ្ជូនក្នុងការបង្ហាញខ្លួនសរុប ៨២ប្រកួតឱ្យ Ajax តាំងពីផ្លាស់ពីក្លិបប្រេស៊ីល Sao Paulo នៅឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក Erik ten Hag នៅពេលនោះ។ Antony ត្រូវបានកោះហៅចូលក្រុមជំរើសជាតិប្រេស៊ីលនៅខែតុលា ឆ្នាំ២០២១ ស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៩លើក។ ថ្ងៃជាមួយគ្នានេះដែរ Manchester United ក៏បានប្រកាសពីការមកដល់របស់អ្នកចាំទីស្លូវ៉ាគី Martin Dubravka ក្នុងលក្ខខណ្ឌខ្ចីពី Newcastle United ដល់ចប់រដូវកាលផងដែរ៕
អត្ថបទ៖នាង សុភាវុធ