ចិន៖ អាជ្ញាធរចិនបានរាយការណ៍ថា ប្រទេសចិនបានដាក់ពលរដ្ឋរបស់ខ្លួនរាប់លាននាក់ ឱ្យស្ថិតក្រោមការវិធានការបិទខ្ទប់ជាថ្មីបន្ទាប់ពីការផ្ទុះឡើងជំងឺ COVID-19 ថ្មីៗនេះ ខណៈរដ្ឋាភិបាលនៅតែបន្តគោលនយោបាយតឹងរ៉ឹងរបស់ខ្លួនលើការទប់ស្កាត់វីរុស។

រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងមិនរងផលប៉ះពាល់អ្វីនោះទេ ទោះបីជាការធ្វើដំណើរចូល និងចេញក្រៅរដ្ឋធានីត្រូវបានផ្អាក ហើយពលរដ្ឋត្រូវទទួលការធ្វើតេស្តស្ទើរតែរាល់ថ្ងៃក៏ដោយ។ អាជ្ញាធរចិនបានដាក់ទីក្រុង Chengdu ដែលមានប្រជាជន ២១លាននាក់ស្ថិតក្នុងវិធានការបិទខ្ទប់ បន្ទាប់ពីមានករណីជំងឺ Covid-19 កើនឡើងដែលមានករណីថ្មីចំនួន ១៥៧ករណី ហើយ ៥១ករណីក្នុងចំណោមនេះគ្មានរោគសញ្ញា ប៉ុន្តែគ្មានករណីស្លាប់នោះទេ។ ស្ថិតក្រោមវិធានការនេះមានតែសមាជិកគ្រួសារម្នាក់ប៉ុណ្ណោះ ដែលធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល ២៤ម៉ោងត្រូវបានអនុញ្ញាតឲ្យចេញទៅទិញរបស់របរចាំបាច់ក្នុងមួយថ្ងៃ។
វិធានការបិទខ្ទប់នេះក៏បានពន្យារពេលការចាប់ផ្តើមឆ្នាំសិក្សាថ្មី ហើយអាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតពីការបិទខ្ទប់ ដែលនឹងត្រូវបានគេរំពឹងថានឹងដកចេញវិញនៅពេលណានោះទេ។ វិធានការនេះត្រូវបានណែនាំក្រោមគោលនយោបាយ «គ្មានកូវីដ» របស់ប្រទេសចិនដែលផ្ទុយពីវិធានការរបស់ប្រទេសដទៃទៀត ក្នុងការរស់នៅជាមួយវីរុស តាមរយៈការបន្ធូរបន្ថយវិធានការបន្តិចម្តងៗនៃការរឹតត្បិត ការចាក់វ៉ាក់សាំង ការព្យាបាល និងការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដោយស្ម័គ្រចិត្ត៕
អត្ថបទ៖ ប៊ុនថន