កំពង់ចាម៖ សមិទ្ធផលថ្មីៗ កំពុងកើតឡើងជាហូហែរ សម្រាប់អ្នកស្រុកកោះសូទិន ក្នុងខេត្តកំពង់ចាម ខណៈ ការដ្ឋានស្ថាបនា ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែងជាង១០០០ម៉ែត្រ ដែលតភ្ជាប់ចំនួន៣ភូមិ នៃឃុំកំពង់រាប កំពុងត្រូវបានស្ថាបនាសម្រេច ៧០ភាគរយហើយ។
កត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការជឿនលឿន ការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ។ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកំពង់ស្តី ឃុំកំពង់រាប នៃស្រុកកោះសូទិន ខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈពួកគេទទួលបានសមិទ្ធផលថ្មីជាច្រើន និងបានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយ ពីតំបន់លំបាកធ្វើដំណើរឲ្យមានការរីកចម្រើន។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅឃុំកំពង់រាប នៃស្រុកកោះសូទិន កាលពីថ្ងៃទី០១ ខែកញ្ញាម្សិលមិញ លោក លឿង រ៉ាម៉ូ អភិបាលរងស្រុក បានលើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ នឹងផ្តល់អត្តប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋជួយកាត់បន្ថយការចំណាយពេលធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្មទៅទីផ្សារ។ លោក បានស្នើឲ្យពលរដ្ឋថែទាំ សមិទ្ធផលទាំងអស់នេះ ឲ្យយូរអង្វែងតដល់កូនចៅទៀត៕ អត្ថបទ៖ ថុង សីហា