ចក្រភពអង់គ្លេស៖ លោកស្រី Liz Truss បានឈ្នះសំឡេងឆ្នោតគាំទ្រជាង ៥៧% ក្នុងការបោះឆ្នោតក្នុងគណបក្សតូរីដើម្បីជំនួសតំណែងលោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេស។ លោកស្រី Liz Truss ឬ Mary Elizabeth Truss កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៥ គឺជាអ្នកនយោបាយចក្រភពអង់គ្លេស ដែលជាមេដឹកនាំគណបក្សអភិរក្សនិយម ហើយនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនៅថ្ងៃទី៦ ខែកញ្ញាសប្ដាហ៍នេះ។

លោកស្រី Truss ត្រូវបានជាប់ជាសមាជិកសភាក្នុងឆ្នាំ២០១០ តំណាងឲ្យសភាចក្រភពអង់គ្លេស។ លោកស្រីកាន់តួនាទីក្នុងលេខរៀងទី១ នៃឋានៈរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋ David Cameron និងជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលឈរខាងការធ្វើប្រជាមតិឲ្យចាកចេញពីសមាជិកសហភាពអឺរ៉ុប ឬ Brexit ឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោយមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងរតនាគារដែលជាតំណែងខ្ពស់បំផុតទី២ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី May និងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson លោកស្រីគឺជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ហើយក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាតំណែងដែលលោកស្រីកំពុងកាន់សព្វថ្ងៃ។

នេះធ្វើឲ្យលោកស្រីក្លាយជាអ្នកកាន់តំណែងយូរជាងគេបំផុតរបស់រដ្ឋាភិបាលអភិរក្សនិយម និងជាសមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់បំផុត។ ក្នុងឆ្នាំ២០១២ លោកស្រីបានធ្វើសហនិពន្ធសៀវភៅសេរីនិយមបែបថ្មី ជាមួយសហសេវិករបស់គណបក្សអភិរក្សមួយចំនួនផ្សេងទៀតដែលមានឈ្មោះថា Britannia Unchained។ លោកស្រី Truss បានឆ្លងកាត់ការវិវត្តន៍នយោបាយពីប្រជាធិបតេយ្យសេរីទៅជាអ្នកអភិរក្សនិយម ហើយបន្ទាប់មកចេញពីការគាំទ្រសមាជិកភាពរបស់ចក្រភពអង់គ្លេសនៅក្នុងសហភាពអឺរ៉ុប ក្លាយបុគ្គលមួយរូបក្នុងចំណោមបុគ្គលប្រកាន់តឹងបំផុតជាច្រើន ក្នុងការទាមទារឲ្យបញ្ចប់សមាជិកភាពពីសហភាពអឺរ៉ុបឬ Brexiteers នៅក្នុងគណៈរដ្ឋមន្ត្រី។ នៅលើបណ្ដាញសង្គម លោកស្រីក៏បានប្រកាន់ជំហរកាន់តែរ៉ឹងត្អឹងប្រឆាំងនឹងអ្វីដែលលោកស្រីយល់ឃើញថា ជាជំហររីកចម្រើនហួសហេតុលើបញ្ហាជាច្រើនដូចជាការរើសអើងពូជសាសន៍ ភេទ និងយេនឌ័រផងដែរ៕
អត្ថបទ៖ សុខមាន