ភ្នំពេញ៖ សិង្ហបុរីនិងកម្ពុជាឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។
ការព្រមព្រៀងគ្នាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពេលលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។
នៅក្នុងជំនួបនេះ ទាំងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ថ្មីនិងទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ប្រកបដោយក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore)។ ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីក៏បានសន្យានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឱ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យមុខងារសាធារណៈ ជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕ អត្ថបទ៖ មុត សុទ្ធ