ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១២កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ពីម្សិលម៉ិញការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានចំនួនតិចតួចបំផុត ដែលនៅថ្ងៃនេះយើងសង្ឃឹមថា ការមានការឆ្លងកម្រិតតិចតួចដូចគ្នា ដែលសមិទ្ធផលទាំងអស់នេះ ផ្តើមចេញពីភាពជោគជ័យ នៃប្រជាជាតិយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរួមមាន៖ ការនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ និងវិធានការនានា។
សម្តេចតេជោបានរំលឹកផងដែរថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩ កម្រិតសូន្យរយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ (រយៈ៦ខែ) ដែលជាភាពជោគជ័យមួយដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ហ៊ុន សែន បន្តថា ពេលនេះ ឆ្នាំមុនយើងស្ថិតនៅមាត់ជ្រោះមរណៈដែលបណ្តាលមកពីជំងឺកូវីដ-១៩ តែពេលនេះយើងនាំគ្នាទៅធ្វើបុណ្យដោយមុខសប្បាយរីករាយបំផុត។