ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នាពេល បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានកំពុងព្រួយបារម្ភអត់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ មិនបានខ្លាចអត់អ្នកមកចាក់នោះទេ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានកំពុងប្រព្រឹត្តិទៅយ៉ាងរលួន ហើយនឹងបន្តចាក់ជូនបងប្អូនទាំងអស់នៅទូទាំងប្រទេសជាបន្តបន្ទាប់នាពេលខាងមុខនោះ។
ថ្លែងនៅក្នុងឱកាស ដែលសម្តេចចុះត្រួតពិនិត្យ នៃយុទ្ធនាការចាក់វ៉ាក់សំាងជូនដល់អតីតយុទ្ធជនកម្ពុជាជាងប្រាំពីររយនាក់ជាលើកដំបូង នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រុមមួយចំនួនទៀត(ពួកប្រឆាំង) ដែលបានវាយប្រហារ និងរិះគន់ នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នាពេលបច្ចុប្បន្ននេះ នឹងដឹងខ្លួនពេលដែលពួកគេទៅណាមកណាមិនបាន ដោយសារតែគេតម្រូវឲ្យបញ្ជាក់លិខិត នៃការចាក់វ៉ាក់សាំងកូវីដ១៩នោះ។
ថ្លែងនៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាងប្រាំបីម៉ឺននាក់នៅទូទាំងប្រទេស នឹងធ្វើជាបន្តបន្ទាប់ ខណៈថ្នាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជាមានប្រមាណជាងប្រាំបីម៉ឺននាក់ នៅទូទាំងប្រទេស ដោយនៅក្នុងនោះរាជធានីភ្នំពេញគឺមានចំនួនជាងប្រាំបីពាន់នាក់ ហើយពួកគេនឹងត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាអាទិភាពដូចមន្រ្តីរាជការ មន្រ្តីជូរមុខ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។
ដោយឡែកសម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ប្រមាណជិតមួយរយភាគរយហើយ ដែលបានទទួលវ៉ាក់សំាងការពារមេរោគកូវីដ១៩ នូវដូសទី១ និងប្រមាណជិត៨០ភាគរយបានទទួលដូសទី២ ខណៈក្រុមគ្រួសាររបស់ពួកគេ(កងទ័ព)បានកំពុងដំណើរការជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា វ៉ាក់សាំងដែលសម្រាប់ធ្វើការចាក់ជូនដល់បងប្អូនកងទ័ព គឺជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាម គឺមានចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន ហើយសម្រាប់ចាក់ជូនដល់អតីតយុទ្ធជនគឺចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបានទិញពីប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ បាន ចក់







