អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផ្នូរធំៗត្រូវបានរកឃើញនៅក្នុងទីក្រុង Izium តំបន់ Kharkiv ដែលទើបដណ្តើមបានមកវិញ។ លោក Zelenskyy និយាយថា ប្រព័ន្ធផ្សព្វផ្សាយនឹងត្រូវបានអនុញ្ញាតចូលទៅកន្លែងកើតហេតុនៅថ្ងៃសុក្រនេះ ដើម្បីឱ្យពិភពលោកដឹងនូវអ្វីដែលកំពុងកើតឡើង និងអ្វីដែលជាការចូលកាន់កាប់របស់រុស្ស៊ីកើតមាន។
ការវាយប្រហាររបស់រុស្ស៊ីកាលពីពេលថ្មីៗនេះទៅលើតំបន់ Kryvyi Rih និង Kirovohrad កំពុងកើតឡើងក្នុងពេលដំណាលគ្នាជាមួយដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ទៅកាន់ទីក្រុងគីវ។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា រដ្ឋភេរវនិយមកំពុងព្យាយាមបង្ហាញថា ខ្លួនអាចទូទាត់សងដោយការវាយប្រហារបែបនេះសម្រាប់ភាពកំសាក និងអសមត្ថភាពនៃយោធារបស់ខ្លួន។ ផ្នូរដ៏ធំរបស់ទាហានអ៊ុយក្រែន និងជនស៊ីវិលរាប់រយនាក់ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានរកឃើញនៅក្នុងព្រៃនៃក្រុង Izium ដែលទើបដណ្តើមយកបានមកវិញ។ ស្នងការអ៊ុយក្រែនលោក Oleg Kotenko បាននិយាយថា ទាហានរុស្ស៊ីបានកប់ទាហានអ៊ុយក្រែននៅក្នុងផ្នូរដ៏ធំមួយនេះនៅក្នុងព្រៃ៕
អត្ថបទ៖ ប៊ុនថន