សៀមរាប៖ ក្រុមហ៊ុន ឌីអឹមជីម៉ូរី (DMG MORI) របស់ជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួង អប់រំ យុវជន និងកីឡា ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ក្នុងវិស័យផលិតកម្មឌីជីថល ក្នុងឧស្សាហកម្ម ៤.០ ខណៈដែលវិស័យនេះ (4IR) នឹងជួយលើកស្ទួយសេដ្ឋ-កិច្ចកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ពិធីនេះ ធ្វើឡើងនៅខេត្ដសៀមរាប នារសៀលថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០២២នេះ។
ឯកឧត្ដម អ៊ុំ រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រទេស កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមួយ នៅឆ្ងាយបន្តិចពី IR 4.0 ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្ម បច្ចេកវិទ្យាកំរិតខ្ពស់សម្រាប់ផលិតកម្ម។ ដើម្បីអភិវឌ្ឍបន្ថែមទៀតលើវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតចេញជាគោលនយោបាយ យុទ្ធសាស្ត្រ និងកំណែទម្រង់ឧស្សាហកម្ម ឧទាហរណ៍ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្ដម បានឱ្យដឹងថា សម្ភារដ៏ទំនើបនេះ នឹងបំពាក់នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បី យុទ្ធសាស្ត្រអប់រំ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) និងការលើកកម្ពស់ការស្រាវ ជ្រាវ ការអភិវឌ្ឍន៍ និងនវានុវត្តន៍ ក្នុង IR 4.0 ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ប្រទេសផងដែរ។ សាកលវិទ្យាល័យ នឹងផ្តល់ឱកាសដល់និស្សិតកម្ពុជាទាំងអស់ ដែលស្ថិតក្នុងក្រុមចង្កោម រួមមានសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយរំពឹងថា និស្សិតបញ្ចប់ការសិក្សា នឹងធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យា ដែលសហការជាមួយសាកលវិទ្យាល័យបច្ចុប្បន្ននេះ និងនៅពេលអនាគត ពួកគេ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ឧស្សាហ-កម្មដទៃទៀត នៅក្នុងប្រទេស ដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកការផលិតស្វ័យប្រវត្តិ និងឆ្លាតវៃថ្មី ដែលនឹងធ្វើឱ្យប្រសើរឡើងនូវ វិស័យកម្មន្តសាលរបស់ប្រទេស។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជប៉ុន-អាល្លឺម៉ង់ ហើយជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន CNC បច្ចេកវិទ្យាកំរិតខ្ពស់លំដាប់លេខមួយ លើពិភពលោក ។គេបានចាប់ផ្តើមគម្រោងមួយ ដើម្បីបង្ហាញពីIR4.0ក្នុងវិស័យផលិតកម្ម ដែលបានធ្វើឡើងនៅមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បច្ចុប្បន្ននេះម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី--LEASERTEC 300 DED hybrid, DMC 85 monoBLOCK និង NLX2500SY កំពុងដំណើរការនាំចូលមកកាន់មជ្ឈមណ្ឌល CJDM ។ម៉ាស៊ីន CNC បច្ចេកវិទ្យាកំរិតខ្ពស់ទាំងបីដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ DMG MORI ដែលជាស្ថាបនិកនៃគម្រោងនេះ ដើម្បីរៀបចំកម្មវិធីសិក្សាសម្រាប់មជ្ឈមណ្ឌលCJDM។
CJDM នឹងបើកជាផ្លូវការក្នុងពេលឆាប់ខាងមុខនេះ ហើយមជ្ឈមណ្ឌលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផផលិតកម្មឌីជីថលនៅកម្ពុជា៕ អត្ថបទ៖ ឈិត សាវី