សៀមរាប៖ លំនៅឋានប្រជាពលរដ្ឋចំនួនជាង ៥០០ខ្នងផ្ទះ ស្មើនឹង១៧៦៩គ្រួសារ ស្រូវវស្សា និងដំឡូងមី ចំនួន ជាង៤ពាន់ហិកតា ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។
លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ខេត្ដសៀមរាប បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានចាប់ ផ្ដើមតាំងពីថ្ងៃទី១៦ មកដល់ថ្ងៃទី២១ ខែកញ្ញានេះ ហើយនឹងអាចបន្ដជន់លិចបន្ថែមទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ និងមានទឹកហូរធ្លាក់មកពីខេត្ដឧត្ដរមានជ័យ។
លោក បានបន្ដថា គ្រោះធម្មជាតិនេះ បណ្ដាលឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ក្នុងឃុំ៥ លិចសាលារៀន ចំនួន១២កន្លែង ផ្លូវថ្នល់៨២៩០ម៉ែត្រ ក្នុងនោះទឹកហូរច្រោះ ៩៨ម៉ែត្រ ប៉ុន្ដែមិនប៉ះពាល់ ដល់អាយុវជីវិតមនុស្សឡើយ។
លោក បានបន្ដថា ស្ថានភាពទឹកជំនន់នេះ អាចនឹងកើនឡើងខ្លំាង ដែលអាចនឹងមានការលិចលង់ ខ្លាំង ក្នុងឃុំចំនួន៣ គឺឃុំក្លាំហាយ ឃុំប្រីយ៍ និងឃុំត្រាំសសរ ខណៈដែលឃុំទាំងនេះ នៅក្បែរស្ទឹងស្រែង ដែលជាប្រភពទឹកហូរមកពីខេត្ដរមានជ័យ។ មកដល់ពេលនេះ ប្រភពទឹកហូរធ្លាក់ពីអាងទំនប់ទឹកអាតោ ខេត្ដឧត្ដរមានជ័យ ចូលស្ទឹងស្រែង ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប។
លោក បានបញ្ជាក់ថា អាជ្ញាធរ បានសហការជាមួយប្រជាពលរដ្ឋ បូមរំដោះទឹកចេញបានមួយចំនួន ហើយអាជ្ញាធរ ក៏បានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នផងដែរ ៕អត្ថបទ៖ ឈិត សាវី
















