ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ១១៣នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលករណីទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីដល់ទៅ ១០៣នាក់ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខណៈដែលខេត្តកណ្ដាល រកឃើញករណីថ្មី ៣នាក់ ខេត្តព្រះសីហនុរកឃើញថ្មី ៣នាក់ ខេត្តស្វាយរៀងរកឃើញថ្មី ៣នាក់ទៀត និងមួយករណីទៀតរកឃើញនៅខេត្តកំពត។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសសរុបដល់ទៅ ៣ ០២៨នាក់ហើយ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ បានកើនឡើងដល់ ២ ៤៩៦ករណី។
ក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ៩០នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបឡើងដល់ ១ ៩១៤នាក់ ខណៈអ្នកជំងឺកូវីដ១៩ ១ ០៨៥នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕




