ភ្នំពេញ៖ ក្នុងឱកាសបណ្តាប្រទេសលើពិភពលោក ប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ ២៧ កញ្ញា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិដែលទស្សនានៅកម្ពុជា លើកឡើងថា កម្ពុជា ជាប្រទេសទេសចរណ៍ មានភាពទាក់ទាញខ្លាំងនៅក្នុងតំបន់អាស៊ាន។
ក្រុមភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមតំបន់ឆ្នេរនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ជាច្រើន មានភាពទាក់ទាញខ្លាំងដែលទេសចរបរទេសចង់ទស្សនា។ លើសពីនេះ មិនត្រឹមតែមានវប្បធម៍ចំណាស់នោះទេ ប្រជាជននៅកម្ពុជា គឺមានភាពរួសរាយរាក់ទាក់ ចេះជួយគ្នា និងធ្វើឲ្យទេសចរមកទស្សនាកម្ពុជា មានភាពកក់ក្តៅ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ទិវាទេសចរណ៍ពិភពលោក២៧ កញ្ញា ឆ្នាំ២០២២នេះ មានការប្រារព្ធធំនៅប្រទេសឥណ្ឌូនេស៊ី ហើយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កំពុងអញ្ជើញចូលរួមកម្មវិធីនោះដែរ។
យ៉ាងណាក៏ដោយតាមរយៈការប្រារព្ធទិវានេះ ឯកឧត្តម តុប សុភ័ក បានលើកឡើងថា កម្ពុជាបាននិងកំពុងប្តេជ្ញាចិត្តជម្រុញអភិវឌ្ឍគោលដៅទេសចរណ៍ឲ្យមានគុណភាព មានសុវត្ថិភាព មានជំនឿទុកចិត្ត និងមានភាពទាក់ទាញប្រកបដោយភាពច្នៃប្រឌិត។
នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧កញ្ញានេះដែរ ដោយបានកំណត់ថា ឆ្នាំ២០២២នេះ ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ។
ព្រមជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ ស៊ុមសុខជា