ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមិនមែនប្រទេសជាគោលដៅសម្រាប់ប៉ុនប៉ងការវាយប្រហារនូវអំពើភេរវកម្មនោះទេ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា ក៏មិនបានធ្វេសប្រហែសនោះដែរ ខណៈកម្ពុជាបានសហការគ្នាជាមួយប្រទេសជាច្រើននៅលើសកលលោកក្នុងការទប់ស្កាត់ និងបង្រ្កាបនូវអំពើភេរវកម្មនេះ ជាពិសេសគឺជាមួយនិងសហរដ្ឋអាមេរិកតែម្តង។
ថ្លែងការការប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ ដែលមានអ្នកកាន់សាសនាផ្សេងៗគ្នាចូលរួមប្រមាណជាង១៥០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ ហើយកន្លងមកកម្ពុជាបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បានដោយជោគជ័យផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ក្នុងការបង្ការ និងទប់ស្កាត់នូវអំពើភេរវកម្មនេះដដែល ហើយកម្ពុជានឹងមិនបណ្តែតបណ្តោយឲ្យបុគ្គលណា ឬក្រុមណាមួយ នាំយកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់នោះទេ ខណៈកិច្ចការនេះគឺកម្ពុជាបានធ្វើការត្រួតពិនិត្យគ្រប់ច្រកល្ហកទាំងអស់មិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកនោះឡើយ៕
