ភ្នំពេញ ៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ មេសា ឆ្នាំ២០២១ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់និយោជិតដែលបានស្ម័គ្រចិត្តប្រមាណ ៥០០ នាក់ ដែលការចាក់វ៉ាក់សាំងនេះ បានរៀបចំធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល។
លោក អ៊ុច ស៊ីណាត នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា អាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង។ លោកក៏បានសម្តែងនូវមោទកភាព និងក្តីកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកបានលើកឡើងថានេះមិនមែនជាលើកទី១ទេ ដែលកូកា-កូឡាទទួលបានការយកចិត្តទុកដាក់ និងទង្វើដ៏ប្រពៃពីរាជរដ្ឋាភិបាល។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅពេលនេះ កាន់តែបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយក៏ជាការលើកកម្ពស់ភាពទុកចិត្តរបស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា។
គូសបញ្ជាក់ផងដែរថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ គឺជាអាវុធថ្មីមួយបន្ថែមពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារ ការពារអាជីវកម្ម និងសហគមន៍របស់យើង។ក្រុមហ៊ុនកូកា-កូឡា ក៏បានបង្ហាញពីជឿទុកចិត្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមការងារសុខាភិបាលគ្រប់កម្រិត ក្រុមការងារជួរមុខ ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឲ្យកម្ពុជាអាចឆ្លងផុតគ្រាដ៏លំបាកនេះ ហើយកម្ពុជានឹងត្រឡប់មកកាន់តែខ្លាំងក្លាជាងមុន។ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនកូកា-កូឡា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនកម្មករនិយោជិតដែលបានស្ម័គ្រចិត្ត និងក្រុមការងារក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ស្ម័គ្រស្មោះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីជួយបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕ អត្ថបទ រដ្ឋា