
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៩ មេសានេះ បានថ្វាយសារលិខិតថ្វាយព្រះពរដល់អង្គព្រះមហាក្សត្រ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សារលិខិតមានខ្លឹមសារថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងអភិលក្ខិតសម័យដ៏សិរីមង្គលឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នា ពេលឆាប់ៗខាងមុខនេះ ក្នុងនាមខ្ញុំម្ចាស់ និងសមាជិក សមាជិកា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាបឋម សូម ព្រះបរមរាជានុញ្ញាតលំឱនកាយបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍ នាជាអនេកប្បការ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះប្រកប ដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាទីឃាយុ យឺនយូរជាងរយព្រះវស្សា ដើម្បី ព្រះអង្គ គង់ប្រថាប់ជាម្លប់អម្រឹតដ៏ត្រជាក់ត្រជំ ប្រទានដល់ប្រជានុរាស្ត្រជ្រកកោនដោយ ក្តីសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ក្នុងវរោកាសដ៏វិសេស វិសាលនេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមថ្វាយនូវព្រះកតញ្ញូកតវេទីតាធម៌ដ៏ធំធេងចំពោះព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ជាអតិបរមា ដែលជានិច្ចកាល ព្រះករុណា ថ្លៃវិសេសជាអម្ចាស់ទ្រង់ ស្តេចសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពលដោយពុំគិតពីការ នឿយហត់ បំពេញនូវព្រះរាជបូជនិយកិច្ច ដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា និងមហាប្រជានុរាស្ត្រ ជាទីស្រឡាញ់របស់ព្រះអង្គ ប្រកបដោយព្រះ ព្រហ្មវិហារធម៌ និងព្រះរាជទសពិធរាជធម៌ដ៏បរិសុទ្ធ។ ទន្ទឹមនេះទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចសព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាន លើកកម្ពស់គាំទ្រ បរិច្ចាគព្រះរាជទ្រព្យ ប្រទានកាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ពង្រឹងយន្តការសង្គ្រោះប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមព្រះ រាជលំអានដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំង សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ ព្រមទាំងសហការី សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក ដួង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរម រតនកោដ្ឋ ជាទីសក្ការៈ ព្រមទាំងទេវតារក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ព្រះនាម មណ្ឌាទេវី សូមបន្តអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ មុត សុត