ភ្នំពេញ៖ ក្រុមយុវជនចំនួនជាង ១០០នាក់ មកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នាក្នុងកម្មវិធីសន្និសីទយុវជនអាស៊ាន (AYC) ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩” ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានាទាំងអស់គ្នា។
ក្នុងរបៀបវារៈ សន្និសីទយុវជនអាស៊ាន ដែលរៀបចំឡើងនៅសាកលវិទ្យាល័យខេមតិច រាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់៩ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងពិភាក្សាទៅលើសសរស្តម្ភទាំង៣ របស់អាស៊ាន មានដូចជា៖ ១.សហគមន៍នយោបាយសន្តិសុខអាស៊ាន ផ្តោតលើសន្តិសុខ និងសុខមាលភាពអាស៊ាន ២.សហគមន៍សេដ្ឋកិច្ចអាស៊ាន ផ្តោតកិច្ចសហប្រតិបត្តិការ និងការគាំទ្រសហគ្រាសធុនតូចនិងមធ្យម ក្នុងអាស៊ាន និង៣.សហគមន៍វប្បធម៍អាស៊ាន ផ្តោតលើសិទ្ធមនុស្ស និងការឲ្យតម្លៃក្នុងអាស៊ាន។
លោក Senjaya Mulia ស្ថាបនិកអង្គការយុវជនអាស៊ាន បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន នៅក្រោយកម្មវិធីនេះថា សន្និសីទយុវជនអាស៊ាន ២០២២ ដើម្បីស្វែងរកនូវអ្នកដឹកនាំវ័យក្មេង និងបុគ្គលស្វែងរកការផ្លាស់ប្តូរនៃតំបន់អាស៊ានដែលមានចំណាប់អារម្មណ៍ក្នុងការចែករំលែក នូវការយល់ឃើញចំពោះបញ្ហា និងឱកាសនានានៅក្នុងសហគមន៍អាស៊ាន ព្រមទាំងអាចចូលរួមបង្កើតនូវគោលនយោបាយទៅកាន់អគ្គលេខាធិការអាស៊ានចំពោះការបជ្រើសរើសយកនូវសសរស្តម្ភ។
លោកបន្តថា សម្រាប់អង្គការយុវជនអាស៊ាន ឲ្យតម្លៃខ្ពស់ទៅលើយុវជន ព្រោះយុវជន ជាកាតាលីករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងអភិវឌ្ឍន៍។
ជាមួយគ្នានេះ កញ្ញា ណយ ឆវិន មន្ត្រីផ្នែកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យ ខេមតិច បានលើកឡើងថា ចំពោះប្រធានបទដែលរៀបចំឡើងក្នុងពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តគោលការណ៍សន្តិភាព ស្ថេរភាព សាមគ្គីភាព ឯកភា ភាពរុងរឿង និងនិរន្តភាព ដែលស្របទៅនឹងតួនាទីប្រធាន នៃអាស៊ានរបស់កម្ពុជានៅឆ្នាំនេះផងដែរ។
ជាពិសេស ការបង្កើតបាននូវទំនាក់ទំនង រវាងតំណាងសមាជិករដ្ឋនៃសមាគមអាស៊ាន រួមមាន៖ ស្ថាប័នឯកជន ធុរកិច្ច ចលនាសង្គមស៊ីវិល ស្ថាប័នអប់រំនិងផ្សព្វផ្សាយ អង្គការអន្តរជាតិ ដៃគូពីសំណាក់សកលវិទ្យាល័យនានា សមាគមសិស្ស និងនិស្សិត៕ អត្ថបទ៖ ឈិត បូរ៉ាវី