ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានរៀបចំដោយផ្ទាល់ នឹងយកវិទ្យាល័យ ជា ស៊ីមសាមគ្គី ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានចំនួន២០០គ្រែ។
អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំ វិទ្យាល័យជា ស៊ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយអាគារផ្នែកខ្លះធ្វើជាកន្លែងចត្តាឡីស័ក ផងដែរ ខណៈជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើន ដែលធ្វើឱ្យនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។
វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីមសាមគ្គី ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ឱ្យបានសមរម្យ ហើយមួយផ្នែកខ្លះ នៃអគារវិទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។
ក្នុងឱកាស ចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជំងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






