កែប៖ អាជ្ញាធរក្រុងកែបបញ្ជាក់ថា ក្រុងកំពុងរៀបចំសណ្តាប់ធ្នាប់ការលក់ដូររបស់អាជីវករមួយចំនួន នៅតាមតំបន់ឆ្នេរកែប ដែលបានរំលោភយកកន្លែងសាធារណៈ ទៅប្រកបរបរ ឬបម្រើឲ្យអាជីវកម្មផ្ទាល់ខ្លួន ដូចជា ធ្វើខ្ចុះ សំយ៉ាប ដាក់ឆ័ត្រ កៅអ៊ី ក្រាលកន្ទេលជួលឲ្យភ្ញៀវ លក់ដូរនៅលើចិញ្ចើមផ្លូវ និងការដេញចាប់ ភ្ញៀវប្រសេកប្រសាចជាដើម។
អភិបាលក្រុងកែបទើបចូលកាន់តំណែងថ្មីលោក ខេង យ័ន បានប្រាប់ឲ្យដឹងថា កន្លងមក ដោយ សារភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ឆ្នេរកែបច្រើន ធ្វើឲ្យអាជីវករមួយចំនួនឆ្លៀតឱកាសវាទទី យកកន្លែង សាធារណៈដាក់តាំងលក់ដូរ ឬជួលឲ្យភ្ញៀវអង្គុយលេង មានដូចជា សង់ខ្ចុះ ដាក់ឆ័ត្រ ក្រាលកន្ទេល ដាក់ កៅអ៊ី ជួលកន្លែងអង្គុយនៅលើផ្លូវធ្វើដំណើរតាមតំបន់ឆ្នេរ ធ្វើឲ្យផ្លូវចង្អៀត កកស្ទះ គ្មានសណ្តាប់ធ្នាប់ ហើយពេលខ្លះបង្កឲ្យមានបាតុភាពមិនល្អដល់ភ្ញៀវទេសចរ រហូតលេចចេញនូវពាក្យរិះគន់ពីស្រទាប់មហាជន។
បច្ចុប្បន្នរដ្ឋបាលក្រុងបានប្រាប់ឲ្យអាជីវករ បញ្ឈប់រាល់សកម្មភាពអវិជ្ជមានទាំងនោះ ហើយអាជីវករ ដែលសង់សំយ៉ាប និងខ្ចុះលើទីសាធារណៈ ក៏ត្រូវរុះរើឲ្យបានមុនថ្ងៃទី១៤ ខែតុលា នេះ។
ក្រៅពីព្យាយាមលុបបំបាត់ការលក់ដូរ ការជួលឆ័ត្រ ជួលកន្ទេល ជួលកៅអ៊ី លើចិញ្ចឹមផ្លូវ និងទីសាធារណៈតាមតំបន់ឆ្នេរ លោកអភិបាលក្រុង ក៏ស្នើដល់អាជីករម្ចាស់អាហារដ្ឋាន ត្រូវឈប់ដេញចាប់ភ្ញៀវ ព្រោះសកម្មភាពទាំងនេះ មិនសមរម្យទេ ថែមទាំងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ហើយបាត់បង់ សណ្តាប់ធ្នាប់ថែមទៀតផង ។
តាមការបញ្ជាក់របស់លោកអភិបាលក្រុងកែប បានឲ្យដឹងថា អាជីករ ដែលធ្វើសកម្មភាពមិនសមរម្យ ហើយរឹងរូសខ្លាំង មានចំនួន២០គ្រួសារ ហើយបច្ចុប្បន្ន អាជីវករក្នុងចំណោមនោះ បានរុះរើជា បណ្តើរៗហើយ ៕អត្ថបទ៖ អន សារឹម