UN៖ ឯកអគ្គរដ្ឋទូតផ្ទាល់របស់សហភាពមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃសុក្រ ឲ្យមានតំបន់គ្មានការហោះហើរ និងការដាក់ទណ្ឌកម្ម ខណៈដែលសម្ពាធអន្តរជាតិបានកើនឡើងទៅលើរបបយោធា ដើម្បីបញ្ឈប់ការបង្ក្រាបដ៏សាហាវ និងស្តាប្រជាធិបតេយ្យឡើងវិញ។
សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុបបានទទូចសុំឲ្យមានចំណាត់ការ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ស្តីពីវិបត្តិនេះកំពុងលេចចេញជារូបរាង ប៉ុន្តែរបបយោធានៅតែរឹងទទឹង និងបដិសេធមិនចូលក្នុងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូត លោក Kyaw Moe Tun ដែលបានច្រានចោលការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ និងទាត់ចោលការអះអាងរបស់យោធាដែលថា ខ្លួនលែងជាតំណាងរបស់សហភាពមីយ៉ាន់ម៉ា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា មិនមានចំណាត់ការគ្រប់គ្រាន់ និងហ្មត់ចត់ ទោះបីមានមនុស្សរាប់រយនាក់បានស្លាប់ រួមទាំងកុមារចំនួន ៤៦នាក់ក៏ដោយ។ ក្នុងសុន្ទរកថាតាមវីដេអូ នៅពេលលោកអង្គុយនៅមុខទង់ជាតិមីយ៉ាន់ម៉ា និងទង់ជាតិអង្គការសហប្រជាជាតិលោកបាននិយាយថា “សមូហភាព ចំណាត់ការរឹងមាំរបស់អ្នកត្រូវការជាបន្ទាន់។
សមាគមជួយអ្នកទោសនយោបាយហៅកាត់ថា (AAPP) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ជនស៊ីវិលជាង ៦០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នៅក្នុងភាពវឹកវរចាប់តាំងពីមានការរឹបអូសអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Su Kyi កាលពីខែកុម្ភៈ ចំណែកក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា មនុស្ស ២,៨៤៧នាក់ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន៕
អត្ថបទ៖ សុខមាន