កូឡុំប៊ី៖ ក្រុមជនអន្តោប្រវេសន៍មួយក្រុមធំបានបន្តដំណើរឆ្លងកាត់ព្រៃ Darien របស់ប្រទេសកូឡុំប៊ីក្នុងគោលបំណងទៅដល់សហរដ្ឋអាមេរិក ទោះបីជាទីក្រុងវ៉ាស៊ីនតោនពង្រីងវិធានការរឹតត្បិតសិទ្ធិជ្រកកោន ដល់ប្រជាជនវេណេស៊ុយអេឡាក៏ដោយ។
រដ្ឋបាលរបស់លោក Biden បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងផ្តល់ការអនុញ្ញាតផ្នែកមនុស្សធម៌ចំនួន ២៤,០០០នាក់ មួយភាគនៃចំនួនជនអន្តោប្រវេសន៍ជាង ១០៧,០០០នាក់ដែលបានចូលមកប្រទេសប៉ាណាម៉ាក្នុងឆ្នាំ២០២២នេះ។ សេចក្តីប្រកាសបាននិយាយថា ប្រជាជនវេណេស៊ុយអេឡាដែលបានមកដល់តាមផ្លូវគោក នៅព្រំដែនប្រទេសម៉ិកស៊ិក-អាមេរិកនឹងត្រូវឲ្យត្រឡប់ទៅវិញ ប៉ុន្តែការប្រកាសនេះមិនបានរារាំងជនអន្តោប្រវេសន៍ច្រើននាក់ដែលសង្ឃឹមថា នឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកនោះទេ។ លោក Andres Rodriguez ជាជនអន្តោប្រវេសន៍វេណេស៊ុយអេឡាដែលកំពុងធ្វើដំណើរជាមួយប្រពន្ធ និងកូនប្រុសរបស់លោកនិយាយថា ការធ្វើដំណើរនេះគឺដើម្បីអនាគតរបស់កូនៗ និងគ្រួសាររបស់លោក។
ជនអន្តោប្រវេសន៍ប្រមាណ ៨០% ដែលកំពុងធ្វើដំណើរគឺជាប្រជាជនវេណេហ្ស៊ុយអេឡា ២០% ទៀតមកពីប្រទេសអេក្វាឌ័រ ហើយនៅសល់គឺមកពីប្រទេសផ្សេងទៀតរួមទាំងប្រទេសកាមេរូន។ បន្ទាប់ពីឆ្លងកាត់ព្រៃ Darien Gap ជនអន្តោប្រវេសន៍កំពុងធ្វើដំណើរតាមដីគោកនៅអាមេរិកកណ្តាល កាត់តាមប្រទេសម៉ិកស៊ិកឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយ ដោយអង្គការទេសន្តប្រវេសន៍អន្តរជាតិនិងអង្គការ UNHCR បានឲ្យដឹងថា ប្រជាជនវេណេហ្ស៊ុយអេឡាជាង ៧,១លាននាក់បានចាកចេញពីប្រទេសរបស់ពួកគេដោយសារតែវិបត្តិសង្គម និងសេដ្ឋកិច្ច៕
អត្ថបទ៖ ប៊ុនថន