
សៀមរាប ៖ បុរសម្នាក់ឈ្មោះ ផូ ស៊ីផា នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបានតុលាការខេត្ដ ចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្ដិ កាលពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២១ ពីបទឆបោកទឹកប្រាក់ ៥ម៉ឺនដុល្លារ ពីដើមបណ្ដឹងរបស់ក្រុមអចលនទ្រព្យអង្គរលែនម៉ាក្ស។
ដើមបណ្ដឹង លោក ទូស សាភឿន អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស បានឲ្យដឹង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា កំលាំងចម្រុះដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប និងកងកំលាំងសមត្ថកិច្ចក្រុង បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ទុករថយន្ដមួយគ្រឿងម៉ាក្ស Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប 2B-6806 ជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា ទៅតាមដើមបណ្តឹង ។
លោក បន្ដថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនឆបោកឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដី មួយកន្លែងទំហំ៦៧៨៨ម៉ែត្រក្រឡា មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយ ឈ្មោះ ផូ ស៊ីផា បានយកលុយទៅស៊ីចាយអស់ ក៏បែកគំនិតយកដីដែលដាក់បញ្ចាំធានានេះ ទៅពុះឡូត៍លក់បន្តអោយអតិថិជនថ្មីអស់ រួចលួចយកទៅធ្វើប្លង់ថ្មី ដោយភូតភរអាជ្ញាធរមេឃុំ និងស្រុកថា បាត់ប្លង់ដើម (យោងលើកំណត់ហេតុរបស់មេភូមិព្រៃគុយ និងមេឃុំអំពិល) ហើយត្រូវបានលោក ទូស សាភឿន (ដើមបណ្តឹង) ប្តឹងចូលតុលាការពីបទរំលោភទំនុក ចិត្ត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។
លោក បានបន្ដថា ថ្ងៃទី០៨ មេសា ឆ្នាំ២០២១ឈ្មោះ ផូ ស៊ីផា ត្រូវបានតុលាការចោទពីបទឆបោក និងរំលោភលើទំនុកចិត្ត និងបង្វែរវត្ថុដាក់ធានា តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៥ញ/២៩១ សម្រេចអោយ ផូ ស៊ីផា ផ្តន្ទាទោសព្រហ្មទណ្ឌ ដាក់ពន្ធនាគារជាប់ទោស១ឆ្នាំ ពិន័យជាប្រាក់ចំនួន២លានរៀល ពីបទបង្វែរវត្ថុរឹបអូសដាក់ធានា និងបង្គាប់អោយ ផូ ស៊ីផា សងសំណងការខូចខាត៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត៣០លានរៀល ។
លោក ទូស សាភឿន បានបញ្ជាក់បន្ថែមថា ទម្រាំចាប់រឹបអូសរថយន្ដជនល្មើសនេះបាន ឈ្មោះ ផូ ស៊ីផា បានប្រើគ្រប់ល្បិចកលគេចវេសពីការចោទប្រកាន់របស់តុលាការ ពូកែក្រឡុកនីតិវិធី គេចវេសពីទង្វើដែលខ្លួនបានធ្វើ ធ្វើអោយច្របូកច្របល់សំណុំរឿង ទម្រាំចៅក្រម និងព្រះរាជអាជ្ញារកខុសត្រូវឃើញ។ ទោះបីយ៉ាងណា សំណុំរឿងនេះ មានភស្តុតាងពីដើមបណ្តឹងគ្រប់គ្រាន់ ព្រមទាំងមានកំណត់ហេតុច្បាស់លាស់ពីកងរាជអាវុធហត្ថខេត្ត ចំលើយសារភាពពីអាជ្ញាធរមេភូមិ ឃុំ និងសាក្សីដែលជាអតិថិជនថ្មីដែលបានទិញដីឡូតិ៍ពី ឈ្មោះ ផូ ស៊ីផា និងជាពិសេសចម្លើយសារភាពនៅក្នុងកំណត់ហេតុរបស់ព្រះរាជអាជ្ញាគ្រប់គ្រាន់នេះក៏ដោយ ក៏ ឈ្មោះ ផូ ស៊ីផា នៅតែម្តងប្រកែកមិនទទួលស្គាល់ និងម្តងទទួលស្គាល់ថា បានលួចលក់ដីនេះពិតប្រាក និងបានទទួលស្គាល់ថា ខ្លួនបានទទួលលុយ៥ម៉ឺនដុល្លាដែរ ។ បច្ចុប្បន្ន មានបណ្តឹងជាច្រើនត្រូវបានប្តឹងឈ្មោះ ផូ ស៊ីផា ចូលទៅកាន់តុលាការ និងប្តឹងទៅកាន់អធិការស្រុកបន្ទាយស្រី ពីបទរំលោភសេចក្តីទុកចិត្តផ្សេងៗ ជាពិសេសពីសមាជិកក្រុមរបស់ខ្លួន ប្តឹងពីបទក្បត់ទំនុកចិត្ត យកលុយរួមទៅទិញដីដាក់ឈ្មោះខ្លួនឯង៕
អត្ថបទ ៖ ឈិត សាវី