បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក RB Leipzig បានឈានឡើងវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អាល្លឺម៉ង់ខាប់ រឺក៏ DFB Pokal ហើយក្រោយឈ្នះ Hamburg ៤-០ ក្នុងទឹកដីរបស់ខ្លួន។

Leipzig ដែលឈ្នះជើងឯក DFB Pokal រឺជាពានរង្វាន់ដំបូងរបស់ខ្លួនកាលពីរដូវកាលមុននោះ បានបើកការនាំមុខ ២គ្រាប់ផ្ទួនៗមុនចប់វគ្គទី១ នៅនាទីទី៣៣ និង ៣៦ ដោយខ្សែប្រយុទ្ធដាណឺម៉ាក Yussuf Poulsen ពីរគ្រាប់ម្នាក់ឯង។ Hamburg ដែលជាអតីតជើងឯកអាល្លឺម៉ង់នេះ ២សម័យផងដែរនោះមិនមានសំណាងឡើយនៅវគ្គទី២ ហើយ Leipzig ក៏បន្ថែមពីរគ្រាប់ទៀតដោយខ្សែបម្រើស៊ុយអែត Emil Forsberg និងខ្សែការពារអាល្លឺម៉ង់ Benjamin Henrichs។
ដោយឡែកលទ្ធផលផ្សេងទៀត Borussia Monchengladbach បានធ្លាក់ពីការប្រកួតហើយក្រោយចាញ់ក្រុមនៅលីគទី២ Darmstadt ២-១។ ក្រុមនៅលីគទី២ មួយទៀត Eintracht Braunschweig ចាញ់ Wolfsburg ១-២ Bochum យកឈ្នះ Elversberg ១-០ និង Hoffenheim យកឈ្នះ Schalke ៥-១។ សម្រាប់យប់នេះ Hannover ទទួលភ្ញៀវ Dortmund ខណៈ Bayern Munich ទៅផ្ទះ Augsburg៕
អត្ថបទ៖នាង សុភាវុធ