ប្រណាំងរថយន្ត៖ ជើងឯក F1 ពិភពលោកកីឡាករហូឡង់ Max Verstappen មិនទាន់ហត់នឿយនឹងជ័យជំនះរបស់ខ្លួនឡើយ បើទោះបីជាក្លាយជាជើងឯកពិភពលោករដូវកាល ២០២២ រួចហើយក្តី។

កីឡាកររបស់ក្រុម Red Bull រូបនេះនៅតែអាចយកឈ្នះការប្រកួតនៅទីលាន Austin រដ្ឋតិចសាសសហរដ្ឋអាមេរិកដែលជាជ័យជំនះទី១៣ របស់ខ្លួនក្នុងរដូវកាលនេះតាមស្មើកំណត់ត្រារបស់ Michael Schumacher និង Sebastian Vettel ក្នុងនាមជាកីឡាករដែលឈ្នះច្រើនទីលានបំផុតក្នុងរដូវកាល។ Max Verstappen បានចេញដំណើរលំដាប់លេខ២ និងបានវ៉ាផុត Carlos Sainz ដែលនៅពីមុខគេ មុនពេលដែលកីឡាកររបស់ Ferrari រូបនេះមានការប៉ះទង្គិចនៅផ្លូវបត់ទីមួយ និងក្រោយបោះបង់ការប្រកួត។ Verstappen ទំរាំឈ្នះការប្រកួតនេះត្រូវប្រជែងជាមួយ Charles Leclerc និងវ៉ា Lewis Hamilton។
ជ័យជំនះនេះដែរក៏បានធានាឱ្យក្រុមប្រណាំង Red Bull ក្លាយជាជើងឯកពិភពលោកផងដែរ បន្ទាប់ពី Max Verstappen គ្រងជើងឯកអ្នកបើកបរពិភពលោកកាលពីនៅទឹកដីជប៉ុន។ នៅក្នុងតារាងជើងឯកពិភពលោកនៅពេលនេះ Charles Leclerc ឡើងមកលេខ២ វិញពីលើ Sergio Perez ២ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹម ៣ទីលានទៀតចប់រដូវកាល។ ទីលានបន្ទាប់ F1 បន្តស្នាក់នៅទ្វីបអាមេរិកដោយឆ្លងដែនរដ្ឋតិចសាសមកកាន់ទឹកដីម៉ិកស៊ិកចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ