អាមេរិក៖ មនុស្សយ៉ាងហោចណាស់ ៣នាក់រួមទាំងជនសង្ស័យម្នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបាញ់ប្រហារនៅវិទ្យាល័យមួយក្នុងទីក្រុង St Louis រដ្ឋ Missouri សហរដ្ឋអាមេរិក។

ក្មាន់កាំភ្លើងខាងលើបានចូលទៅក្នុងវិទ្យាល័យ Central Visual & Performing Arts ភ្លាមៗបន្ទាប់ពីម៉ោង 09:00 ម៉ោងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។ ទ្វារទាំងអស់របស់អគារសាលារៀនត្រូវបានចាក់សោរ ហើយមិនត្រូវបានបញ្ជាក់ច្បាស់ភ្លាមៗទេថា តើជនសង្ស័យនោះអាចចូលទៅក្នុងបានដោយរបៀបណា។ សាក្សីជាច្រើនបាននិយាយថា មានមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអាវុធរបស់ក្មាន់កាំភ្លើងបានគាំងពេលកំពុងបាញ់ប្រហារ។

សាលារដ្ឋជាច្រើននៅទីក្រុង St Louis និយាយថា នគរបាលបានបញ្ឈប់ក្មាន់កាំភ្លើងយ៉ាងឆាប់រហ័ស។ ជនសង្ស័យដែលត្រូវបាននគរបាលកំណត់អត្តសញ្ញាណមានវ័យ ១៩ឆ្នាំជាអតីតសិស្សវិទ្យាល័យនេះ បានបាញ់តបតគ្នាជាមួយនគរបាល ហើយក្រោយមកបានស្លាប់ដោយសាររបួស។ គេនៅមិនទាន់ដឹងច្បាស់ទេពីមូលហេតុដែលនាំឲ្យជនល្មើសសម្រេចចិត្ត បើកការវាយប្រហារលើវិទ្យាល័យដែលមានសិស្សប្រមាណ ៤០០នាក់មួយនេះ៕
អត្ថបទ៖ សុខមាន