ស្ទឹងត្រែង៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់អង្គភាពពាក់ព័ន្ធ ដែលជាតួអង្គសំខាន់ក្នុងការចូលរួមសហការការពារតំបន់ការពារធនធានធម្មជាតិ។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងគោលបំណងអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងមនុស្សជំនាន់ក្រោយ។
ឯកឧត្តម បានបញ្ជាក់ថា វាពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ អំពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ៕អត្ថបទ៖ មាស ផល្លា