ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One(ស៊ីមិន អាធីស វ័ន) ជំនាន់ចុងក្រោយ ដើម្បីជំរុញការព្យាបាលអ្នកជំងឺ កាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដាអន្តរជាតិ។ ការសម្ពោធនេះក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ នាបរិវេណមន្ទីរពេទ្យកាល់ម៉ែត។
បើតាមឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ប្រធានដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង ឲ្យដឹងថា ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One ជំនាន់ចុងក្រោយ មានអត្តប្រយោជន៍ សម្រាប់ក្រុមគ្រូពេទ្យសង្គ្រោះអ្នកជំងឺដូចជា ការថតឆ្លុះសរសៃឈាមបេះដូង និងព្យាបាលដោយដាក់រឺស័រ ក្នុងជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ និង រ៉ាំរ៉ៃ ការអន្តរាគមន៍ ក្នុងការព្យាបាលជំងឺបេះដូងពីកំណើត ការអន្តរាគមន៍ ក្នុងការព្យាបាលជំងឺ ស្ទះសរសៃឈាមខួរក្បាលស្រួចស្រាវ អាចថតឆ្លុះ និងព្យាបាលជំងឺត្បៀតសរសៃឈាមសរីរាង្គផ្សេងៗ ការព្យាបាលជំងឺលើសសម្ពាធឈាម ដែលមិនអាចគ្រប់គ្រងបានដោយថ្នាំការវាយតម្លៃ និងវាស់សម្ពាធឈាមក្នុងបេះដូង សរសៃឈាមអាក់អរ សរសៃឈាមសួត ដើម្បីកំណត់ដំណាក់កាល និងពេលដែលត្រូវព្យាបាលសំរាប់ជំងឺបេះដូងពីកំណើតមួយចំនួន។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One ជំនាន់ចុងក្រោយ នាពេលនេះ និងធ្វើអោយការព្យាបាល ការសង្គ្រោះអ្នកជំងឺកាន់តែលំអិត និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ផ្នែក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍មន្ទីរពេទ្យ ទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ ក្លាយជាមន្ទីរពេទ្យឈានមុខក្នុងប្រទេស។ សមិទ្ធិផលថ្មីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពដឹកនាំ របស់សាស្ត្រាចារ្យប្រធានដេប៉ាតឺម៉ង់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្រុមការងារថែទាំ នៃមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងទាំងមូល ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត យកចិត្តទុកដាក់លើការពិនិត្យ ព្យាបាល អ្នកជំងឺ ព្រមទាំងធ្វើនវានុវត្តន៍បច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាពិនិត្យ ព្យាបាល បែបទំនើប មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្តល់ទំនុកចិត្តកាន់តែខ្ពស់បន្ថែម ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូនីក មេឌីខល ឌីស្រី្ទប៊្យូសិន ខូអិលធីឌី (Unique Medical Distribution Co.,Ltd.) ដែលបានសហការជាមួយក្រុមហ៊ុន មេដត្រូនិក អ៊ិនធើណេសិនណល (Medtronic International) ដែលបានផ្តល់ជំនួយនូវម៉ាស៊ីនថតឆ្លុះសរសៃឈាម បន្ថែមថ្មីនាពេលនេះជាលើកទី២ ដែលមានតម្លៃសរុប 600,000USD (ប្រាំមួយរយពាន់ដុល្លារអាមេរិក) ព្រមទាំងបានបញ្ជូនអ្នកជំនាញមកជួយបង្ហាត់បង្ហាញ បណ្តុះបណ្តាលនៅកន្លែងផ្ទាល់ និងគាំទ្រឱ្យគ្រូពេទ្យឯកទេសមន្ទីរពេទ្យទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដែលសបញ្ជាក់ឱ្យឃើញនូវទឹកចិត្តចូលរួមជួយអភិវឌ្ឍន៍ វិស័យសុខាភិបាល ដែលស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕ អត្ថបទ៖ រដ្ឋា