ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយនឹងសម្តេច ឥស្សរជនជាន់ខ្ពស់ នៃស្ថាប័នកំពូលរបស់ជាតិ បានអញ្ជើញដង្ហែព្រះមហាក្សត្រស្តេចយាងជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៩ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២២) នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
បុណ្យឯករាជ្យជាតិឆ្នាំនេះ ចំពេលដែលកម្ពុជាមានមហាកិត្តិយសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលបាននិងកំពុងមមាញឹក ទទួលស្វាគមន៍គណៈប្រតិភូមកពីបណ្តាប្រទេសជាមិត្ត ទាំងក្នុងតំបន់និងសកលលោក មកចូលរួមកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ។រីឯនៅក្នុងព្រះរាជពិធីបុណ្យឯករាជ្យនេះ បានសង្កេតឃើញ មានវត្តមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកអគ្គ រាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រួ សិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ រាជវង្សានុវង្ស បានយាងនិងអញ្ជើញ ចូលរួមយ៉ាងមហោឡារិក។
បុណ្យឯករាជ្យជាតិ ត្រូវបានធ្វើឡើង ដើម្បីគោរពព្រះវិញ្ញាណខន្ធ អតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងការទាមទាយកមកវិញនូវឯករាជ្យជាតិពីអាណានិគមនិយមបារាំង ក៏ដូចជាការរម្លឹកដឹងគុណ ដល់វិញ្ញាណក្ខន្ធ វិរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិត នៅក្នុងបុព្វហេតុ ឯករាជ្យជាតិ និងការរីកចម្រើនរបស់កម្ពុជា។
ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ បើយោងតាម ប្រវត្តិនៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជាបានបញ្ជាក់ថា៖ នៅក្នុងព្រះរាជបេសកកម្មដើម្បីឯករាជ្យជាតិនេះ តាមសន្ធិសញ្ញាចុះថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាគោលការណ៍តាមផ្លូវច្បាប់ នោះយើងបានទទួលមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះគឺនៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យ ខាងយុត្តិធម៌ ប៉ូលីស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ដើម្បីឲ្យមានឯករាជ្យទាំងស្រុង។
តាមរយៈការខិតខំ របស់ព្រះអង្គជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិត រវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះអង្គជាបន្តបន្ទាប់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ធ្វើចលនាតស៊ូ ដើម្បីទាក់ទាញពិភពលោកឲ្យមានការចាប់អារម្មណ៍គាំទ្រកម្ពុជា និងការយាងទៅគង់នៅតំបន់ស្វយ័តមួយ ដូចជានៅខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ, នោះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះអង្គបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ, ប្រជារាស្ត្រខ្មែរ ក្នុងក្តីរំជួលចិត្ត បានធ្វើឲ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។
នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ នោះគឺមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ពេលនោះ លោក ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា។
ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុង។ វិបត្តិរវាង បារាំង និងខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុង ពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ១៩៥៣អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍកម្ពុជាឥតឈប់ឈរ ធ្វើឱ្យប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្ត្ររស់នៅដោយសុខសាន្ត បំផុតក្រោមការដឹកនាំរបស់ព្រះអង្គ។
ប៉ុន្តែជាអកុសល នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ណុល បានធ្វើរដ្ឋប្រហារ ផ្តួលរំលំអតីតប្រមុខរដ្ឋ ហើយបន្ទាប់មកបាននាំកម្ពុជាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងរណ្តៅវាលពិឃាតតែម្តង។ នោះហើយ គឺជាមេរៀនគំរូស្រាប់ ដែលបានសន្សល់ទុកនូវសោកនាដកម្ម ជាលទ្ធផលនៃការផ្លាស់ប្តូរ ទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច។
ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋយើងគ្រប់រូប គប្បីត្រូវចងចាំក្នុងចិត្ត និងរួមកម្លាំងមហាសាមគ្គីប្រជាជាតិយើងដើម្បីបន្តដំណើរទៅមុខ ខិតខំរួមគ្នារក្សាឱ្យបាននូវសន្តិភាព,ស្ថេរភាព,សន្តិសុខ,សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឱ្យរីកចម្រើនថ្មីៗបន្ថែមទៀត ដើម្បីយើងរួមរស់ជាមួយគ្នា នៅក្នុងសង្គមជាតិប្រកបដោយសុខដុមរមនា៕អត្ថបទ៖ មុត សុទ្ធ