ភ្នំពេញ៖ យុវជនអាស៊ាន មកពីប្រទេសជាសមាជិកអាស៊ាន ទាំង១០ បានចំណាយពេលពេញមួយព្រឹក សម្រាប់ទស្សនកិច្ចរាជធានីភ្នំពេញ។ ទស្សនកិច្ចនេះ ធ្វើឡើងមុនជំនួបជាមួយថ្នាក់ដឹកនាំអាស៊ានចូលមកដល់នៅរសៀលនេះ។
យុវជនអាស៊ាន ចំនួន២០រូប ជាតំណាងប្រទេសសមាជិកអាស៊ានទាំង ១០ប្រទេស បានធ្វើទស្សនកិច្ចពេញមួយព្រឹកនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១០វិច្ឆិកា ឆ្នាំ២០២២នេះ។
ទស្សនកិច្ចនេះ ចាប់ផ្ដើមទស្សនា សួនច្បារនៅវិមានឯករាជ្យ មណ្ឌបព្រះបរមរតនកោដ្ឋ ព្រះបរមរាជវាំង សារមន្ទីរឥសានវរ្ម័ន និងផ្សារធំថ្មី។
កំឡុងពេលទស្សនកិច្ចរាជធានីភ្នំពេញនេះ ពួកគេជាយុវជន បង្ហាញនូវភាពរីករាយដែលបានចូលរួមជាមួយកម្មវិធីអាស៊ាន។ ពួកគេបន្តថា នេះជាកម្មវិធីអស្ចារ្យ ដែលពួកគេជាយុវជនមានឱកាសជួបជាមួយថ្នាក់ដឹកនាំអាស៊ានដោយផ្ទាល់នៅរសៀលនេះ។ ជាពិសេសនេះជាឆ្នាំយុវជនអាស៊ាន ដែលបង្ហាញសារៈសំខាន់របស់យុវជន សម្រាប់ការរីកចំរើនរបស់ជាតិសាសន៍នីមួយៗ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ច យុវជនអាស៊ានទាំង ២០ រូប ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំអាស៊ានដោយផ្ទាល់ផងដែរ នៅរសៀលនេះ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ គឺនឹងមានយុវជនចំនួន ២ រូប គឺយុវជនកម្ពុជា និងយុវជនមកពីប្រទេសឥណ្ឌូនេស៊ី ឡើងថ្លែង ជំរាបជូនដល់ថ្នាក់ដឹកនាំអាស៊ានផងដែរ៕ អត្ថបទ៖គឹមហុក