ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ មេសា ឆ្នាំ២០២១ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន១៤ទីតាំង បូកបន្ថែមថ្ងៃនេះចំនួន៦ទីតាំងទៀត សរុបចំនួន ២០ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ សំដៅធានាឱ្យបាននូវសុខភាពសាធារណៈ សុខុមាលភាព សុវត្ថិភាព និងការពារអាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និងកម្មករនិយោជិតទាំងអស់គ្នា។
ពាក់ព័ន្ធមណ្ឌលដែលមានទីតាំងធំៗ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនបងប្អូនកម្មករនិយោជិត ដែលមកពីបណ្តារោងចក្រ សហគ្រាសក្នុងតំបន់ផ្សេងៗគ្នា រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស (ផ្លូវជាតិលេខ៤), តំបន់សួនឧស្សាហកម្ម អាយអេសអាយ (ISI) ផ្លូវវេងស្រេង, សួនឧស្សាហកម្មវឌ្ឍនៈ២ (ផ្លូវជាតិលេខ៣) និងសួនឧស្សាហកម្មកាណាឌីយ៉ា-ល-។
ជាមួយគ្នានេះ កម្មការនីកាត់ដេរ២នាក់ ក្រោយចាក់វ៉ាក់សាំងរួចរាល់ បានបង្ហាញនូវទឹកមុខរីករាយ និងប្រាប់អោយដឹងថា មិនមានផលរំខានឬធ្វើទុក្ខក្នុងខ្លួនអ្វីឡើយ។ គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លទ្ធផលនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ទទួលបានលទ្ធផល ដូចជា៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួនជាង ៦ម៉ឺន ៨ពាន់នាក់ (បរទេសចំនួនជាង ២ ៦០០នាក់)។
ចាក់បានចំនួនជាង ៦ម៉ឺន ៥ពាន់នាក់។ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួនជាង ២ពាន់នាក់ (បរទេសចំនួន ២០នាក់)។
អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត ដែលរំពឹងថា នឹងអាចចាក់ជូនកម្មករនិយោជិតប្រមាណ ១ម៉ឺន ទៅ ១ម៉ឺន ២ពាន់នាក់ ក្នុងមួយថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី