ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានធ្វើការអំពាវនាវដល់បងប្អូន ដែលរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទាំងអស់គប្បីអនុវត្តបានឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេស៣ការពារ និង៣កុំ ដើម្បីឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ ខណៈបញ្ហាមេរោគនេះកំពុងតែផ្ទុះខ្លាំងនៅក្នុងរាជធានីភ្នំពេញ រហូតបានបណ្តាលឲ្យមានមនុស្សស្លាប់ហើយនោះ។
ថ្លែងនៅក្នុងពិធីចែកអំណោយ ដល់ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួនពីររយគ្រួសារ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ នៅវត្តវាលស្បូវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ពេលវេលានេះគឺជាពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ មិនត្រូវស្តាប់តាមការលើកឡើងរបស់ជនមួយក្តាប់តូចដែលមានលក្ខណៈញុះញង់ដល់បងប្អូននោះឡើយ ខណៈបញ្ហាមេរោគកូវីដ១៩ បានកំពុងរីករាលដាលខ្លាំងគឺដោយសារតែយើងទាំងអស់គ្នាមិនបានអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះ។
នាយឧត្តមសេនីយ៍បានលើកឡើងថា« ពេលនេះយើងកុំជឿអ្នកណាទាំងអស់ក្រៅពីក្រុមគ្រូពេទ្យ ដែលពួកគាត់បានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីសុកមាលភាពរបស់ពួកយើងទាំងអស់គ្នា ហើយដើម្បីសេចក្តីសុខខ្លួនឯង ក្រុមគ្រួសារខ្លួនឯងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ឲ្យបានគ្រប់ៗគ្នាស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ខណៈវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដូចអ្វីដែលរាជរដ្ឋាភិបាលបានមានប្រសាសន៍នាពេលកន្លងទៅនោះ»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ប្រាប់ដល់បងប្អូនទាំងអស់នៅសង្កាត់វាលស្បូវនោះផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរយ៉ាងខ្លាំងចំពោះសុកមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតថ្លៃ ហើយការទិញនូវវ៉ាក់សាំងពីប្រទេសគេនេះ គឺបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលបានគិតគួរអំពីសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា មិនដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចដែលបានលើកឡើងនាពេលកន្លងមកនោះឡើយ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ចាស់ជរា និងជនក្រីក្រនេះ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ គឺបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ដោយអំណោយទាំងនោះមានអង្ករ មី ស្កសរ ពង់មាន និងថវិកាមួយចំនួនជាដើម៕ អត្ថបទ៖ បាន ចក់










