ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តរាជធានីភ្នំពេញ ឯកកឧត្តម ឃួង ស្រេង បានប្រកាសថា នឹងចាត់វិធានការរដ្ឋបាលចំពោះឈ្មួញណា ឬអាជីវករណាដែលបានដំឡើងថ្លៃទំនិញខុសពីប្រក្រតី ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបិទខ្ទប់រាជធានីភ្នំពេញ មិនឲ្យឆ្លងកាត់រញ៉េរញ៉ៃជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបន្ថែមនូវមេរោគកូវីដ១៩នោះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅយប់ថ្ងៃទី១៥ ខែមេសានេះ ក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វារមួយស្ដីពីព្រឹត្តិការណ៍បិទរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា នាពេលនេះឯកឧត្តមបានបញ្ជូនឲ្យភ្នាក់ងារ របស់រដ្ឋបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យតាមទីសត្ដឃាត និងតាមផ្សារមួយចំនួនហើយ ក្រោយពីមានពាក្យចចាមអារ៉ាមថា មានឈ្មួញ និងអាជីវករទុច្ចរិតមួយចំនួន បានលួចដំឡើងថ្លៃទំនិញរបស់ពួកផងខ្លួន ខណៈដែលរាជធានីភ្នំពេញបានបិទមួយរយៈនោះ។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានធ្វើការអំពាវនាវដល់អាជីវករ និងឈ្មួញទាំងអស់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញជួយដល់ បងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ ខណៈពេលនេះពួកគាត់បានកំពុងមានទុក្ខ ដោយសារបញ្ហាមេរោគកូវីដ១៩នេះ ដោយសូមកុំឆ្លៀតពេលដែលពួកគាត់កំពុងមានទុក្ខហើយនោះ យើងទៅជាន់ករពួកគាត់បន្ថែមនោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។
ក្រោយពីមានសេចក្តីសម្រេចភ្លាមៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរបានដាក់ប៉ារ៉ាស និងចងខ្សែកាត់ផ្លូវ និងមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ។ ការបិទក្នុងរយៈពេល ១៤ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់រូបមិនអនុញ្ញាតឲ្យចេញពីផ្ទះនោះទេ បើមិនចាំបាច់ តែក៏លើកលែងចំពោះបុគ្គលមួយចំនួនផងដែរ។ ក៏ប៉ុន្តែបើសិនជាបុគ្គលណាមិនគោរព ឬបំពានអាចរងការពិន័យចន្លោះពី ១លានរៀលទៅ ២០លានរៀល និងអាចជាប់ពន្ធនាគារពី ៦ខែទៅ ៥ឆ្នាំ។ ការសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនេះ គឺកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយព្រឹត្តិការណ៍ដ៏អាក្រក់មួយនេះ គឺវាបានកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈ ហើយដែលត្រូវទាមទារឲ្យបងប្អូនជនរួមជាតិរួមគ្នា ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀតក្នុងការទប់ស្កាត់ការរីករាលដាលបន្តទៀត នូវមេរោគដ៏កាចសាហាវមួយនេះ៕
អត្ថបទ៖ បាន ចក់