ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភានៃព្រះពុទ្ធសាសនា ព្រះសធម្មជោតិកធជ និងជាព្រះគ្រូចៅអធិការវត្តចន្ទ័បុរីវង្ស បានរៀបចំពិធីបួងសួងបន់ស្រន់ទេវតា និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា កុំឲ្យជំងឺកូវីដ-១៩ បន្តការរាតត្បាតនៅកម្ពុជាតទៅទៀត។
ក្នុងឱកាសដ៏ពោរពេញទៅដោយមនុញ្ញផលនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានបួងសួងប្រសិទ្ធពរជ័យជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យមានសុខភាពល្អជានិច្ចជាកាល និងទទួលបានជោគជ័យធំធេងថែមទៀតលើគ្រប់វិស័យ ជូនប្រទេសជាតិក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ជាពិសេសជំនះបាននូវការទប់ស្កាត់ជំងឺដ៏គ្រោះថ្នាក់កូវីដ-១៩ ដែលកំពុងរាតត្បាតប្រទេសជាតិយើង។ ក្នុងឱកាសនេះមានការចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ឹង ស៊ីស្រ៊ន។ ដើម្បីការពារជំងឺកូវីដ-១៩ ពិធីបួងសួងបានរៀបចំតាមគោលការណ៍ ៣ការពារដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ៣កុំ ៣ការពារជូនប្រជាជនយើង ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ជំងឺកូវីដ-១៩នេះ៕ អត្ថបទ៖ វណ្ណារិទ្ធ


