ភ្នំពេញ៖ ព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២តទៅ បានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាកម្សាន្ត ក្នុងព្រះបរមរាជវាំងវិញបានហើយ បន្ទាប់ពីមានការធូរស្រាល នៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយ នារយៈពេលប្រមាណ៣ឆ្នាំមកនេះ ។
យោងតាមលិខិតរបស់ក្រសួងព្រះបរមរាជរាំង ផ្ញើទៅក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ការអនុញ្ញាតនេះ បន្ទាប់ពីមានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈបំផុត ។
ព្រះបរមរាជវាំង ជាទីតាំងទេសចរណ៍ដ៏ធំមួយ ក្នុងចំណោមទីតាំងភ្ញៀវទេសចរណ៍ក្នុងក្រុងភ្នំពេញ ដែលទាក់ទាញទាំងភ្ញៀវទេសចរអន្តរជាតិច្រើនជាង ភ្ញៀវទេសចរជាតិ ។ តែសម្រាប់ភ្ញៀវទេសចរជាតិ ព្រះបរមរាជវាំងគឺជាទីតាំងតំបន់ទេសចរណ៍ដែលបង្ហាញពីវប្បធម៌ និងទំនៀមទំលាប់ខ្មែរ។
សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរជាវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ តែនៅពេលនេះ ក្រសួងបានជូនដំណឹងជាថ្មីហើយ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីខែធ្នូខាងមុខនេះ។
គួរបញ្ជាក់ថា ប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងចាប់ពីចុងឆ្នាំ២០១៩មក ហើយវិស័យដែលប៉ះពាល់ខ្លាំងជាងគេ គឺវិស័យទេចរណ៍ ដែលមានការហាមឃាត់ និងបានបិទ មិនឲ្យភ្ញៀវទេសចរដើរលេងកម្សាន្ត ឬបិទការធ្វើដំណើរឆ្លងទៅប្រទេសនីមួយៗ ។
សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋបានអនុវត្តតាមវិធានការសុខាភិបាល និងបានចាក់វ៉ាក់សាំង ដ៏ច្រើនលើសលុប ធ្វើឲ្យប្រទេសមានភាពធូរស្រាលច្រើន ពីវិបត្តិជំងឺកូវីដ-១៩ រហូតមានការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ហើយចាប់ផ្ដើមទទួលភ្ញៀវទេសចរមកពីក្រៅប្រទេស និងបានធ្វើឲ្យវិស័យនេះ កំពុងដំណើរការឡើងវិញជាបណ្ដើរៗផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ


