វាយកូនបាល់៖ កីឡាករអេស្ប៉ាញ Carlos Alcaraz បានក្លាយជាកីឡាករលំដាប់លេខ ១ ពិភពលោកនាពេលបញ្ចប់រដូវកាលជាផ្លូវការ និងជាប្រវត្តិសាស្ត្រនៅក្នុងក្របខណ្ឌវាយកូនបាល់បុរស ATP។ ស្ថិតក្នុងវ័យ ១៩ឆ្នាំ Carlos Alcaraz គឺជាកីឡាករវ័យក្មេងបំផុតដែលបញ្ចប់ឆ្នាំជាកីឡាករលេខ ១ ពិភពលោកបើគិតពីឆ្នាំ១៩៧៣។
Alcaraz បានទទួលពានតំណែងលេខ ១ ពិភពលោករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញនៅទីក្រុង Turin ប្រទេសអ៊ីតាលី ជាកន្លែងប្រកួតពានរង្វាន់ ATP Finals ដែលជាពានរង្វាន់បិទរដូវកាលរបស់ ATP ដែលប្រមូលផ្តុំដោយកីឡាករកំពូលរបស់ពិភពលោក ៨នាក់។ Rafael Nadal និង Stefanos Tsitsipas សុទ្ធតែមានឱកាសក្នុងឡើងឈរលេខ ១ ពិភពលោកតាមរយៈជ័យជំនះនៅទីក្រុង Turin តែពួកគេទាំងពីរសុទ្ធតែបរាជ័យនៅប្រកួតដំបូងរបស់ខ្លួនរៀងៗខ្លួននៅក្នុងពូល។ Carlos Alcaraz មិនបានចូលរួមការប្រកួត ATP Finals នេះឡើយដោយសារបញ្ហារបួសរហែកសាច់ដុំដែលបានបង្ខំឱ្យដកខ្លួនតាំងពីការប្រកួត Paris Masters សប្តាហ៍មុន។
Carlos Alcaraz មានរដូវកាលដែលមិនអាចបំភ្លេចបានរបស់ខ្លួននៅក្នុងអាជីពត្រឹមវ័យ ១៩ឆ្នាំនេះនៅក្នុងឆ្នាំ២០២២ នេះដោយចាប់ផ្តើមឆ្នាំ២០២២ ឈរលេខ ៣២ ពិភពលោក និងបានឡើងមកកាន់លំដាប់កំពូលនៅខែកញ្ញា។ កីឡាករវ័យក្មេងបំផុតដែលឈរលេខ ១ ពិភពលោកនៅពេលបញ្ចប់ឆ្នាំពីមុនគឺកីឡាករអូស្ត្រាលី Lleyton Hewitt កាលពីឆ្នាំ២០០១ ក្នុងវ័យ ២០ឆ្នាំ ២៧៥ថ្ងៃ ខណៈដែល Carlos Alcaraz ធ្វើបានក្នុងវ័យ ១៩ឆ្នាំ ២១៤ថ្ងៃ៕
អត្ថបទ៖នាង សុភាវុធ